(កណ្ដាល)៖ នៅវេលារំលងអាធ្រាត្រឈានចូលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២រហូតទល់ភ្លឺ គេសង្កេតឃើញខ្មែរកាត់សែស្រឡាយចិន-វៀតណាម នាំគ្នាសម្រុកមកធ្វើពិធីសាសនានៅវិហារអ្នកតាចិន ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្ដាល។

បើតាមលោក ម៉េងហួរ និងលោកស្រី សៀវម៉ី ដែលបានមកធ្វើពិធីសាសនាបានថ្លែងប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តថា នៅវេលាពាក់កណ្ដាលរាត្រីនេះ គ្រួសាររបស់គាត់ និងគ្រួសារអ្នកផ្សេងទៀតដែលកាត់សែស្រឡាយនាំគ្នាមកអុចធូបបន់ស្រន់ និងជំនឿ ទៅយកអំពៅខ្មៅ ពីព្រះវិហារចិន លោកតាធំ (ប៉ោសែ) ក្រុងតាខ្មៅ ដោយមានជំនឿថា មានសុខសុភមង្គល ត្រជាក់ត្រជុំរកស៊ីមានបាមជាដើម។ ការណ៍នេះនៅតែបន្ត ប្រណិបតន៍ ដោយប្រជាជនខ្មែរ សែស្រឡាយ ចិន-វៀតណាម អស់ រយៈពេល ច្រើន ឆ្នាំ មកហើយ ។

ពួកគាត់បន្តទៀតថា នៅ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ ដែលត្រូវនឹងថ្ងៃទីមួយ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម នៅវិហារធំលោកតាចិន ក្រុងតាខ្មៅ គឺពោរពេញទៅដោយមនុស្សម្នាអ៊ូអរមកកាន់ទីនោះ ក្នុងបំណងអុជធូបបន់ស្រន់សុំសេចក្ដីសុខសេចក្ដីចម្រើន និងទ្រព្យសម្បត្តិហូរហៀហើយក៏មិនភ្លេចដែរ នូវការជាវអំពៅខ្មៅ ដើម្បីនាំលាភសំណាង ដល់ក្រុមគ្រួសារ និងបណ្ដេញគ្រោះចង្រៃចេញពីផ្ទះសម្បែង។

យោងតាមតំណាងអ្នកស្នងរូបនៅវិហារចិន បានថ្លែងថាអ្នកអាចយកទៅដាក់នៅផ្ទះ ដើម្បីនាំលាភ និងយកទៅដាំទឹកផឹកដែលគេជឿថាអាចព្យាបាលជំងឺ១០០មុខ ក្រោយពេលសែនហើយបាន៣ថ្ងៃ។

ដូច្នេះហើយទើបក្រោយអ្នកដែលចាកចេញពីព្រះវិហារធំ ក្រុងតាខ្មៅម្នាក់ៗ មិនភ្លេចឡើយដោយនាំយកនូវដើមអំពៅខ្មៅមូលថ្លោស ស្លឹកវែងៗចងភ្ជាប់នឹងដំបូល រថយន្តត្រឡប់ទៅកាន់គេហដ្ឋានរៀងៗខ្លួន ជាមួយនឹងជំនឿរបស់ពួកគេ។

សូមជម្រាបថានៅទីតាំងវិហារចិន ក្រុងតាខ្មៅនេះ តែងតែមានព្រឹត្តិការណ៍បែបនេះជារៀងរាល់ឆ្នាំ ហើយមនុស្សមកសែនព្រេន មានច្រើនកុះករ ២៤ម៉ោងលើ២៤ម៉ោងតែម្ដង ពិសេសគឺចង្អៀតនាពេលយប់រហូតទល់ភ្លឺ៕