(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានលើកឡើងថា យុទ្ធសាស្ដ្រអន្ដរាគមន៍ដ៏មុតស្រួចដើម្បីប្រឆាំងជាមួយជំងឺកូវីដ១៩ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ធ្វើឲ្យប្រទេសមានប្រក្រតីភាព នៃសេដ្ឋកិច្ចសង្គម និងការអភិវឌ្ឍឡើងវិញលើគ្រប់វិស័យ។

ការថ្លែងបែបនេះរបស់ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វ៉ាយ.អិល.ភី ម.ក. នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២នេះ ដោយមានការអញ្ជេីញចូលរួមពីក្រុមការងារពីថ្នាក់ជាតិ ក្រោមជាតិ និងអាជ្ញាធរមូលដ្ឋាននៅខេត្តបន្ទាយមានជ័យ។

លោក កែ សួនសុភា អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វ៉ាយ.អិល.ភី ម.ក.បានធ្វេីរបាយការណ៍ស្វាគមន៍ពីវឌ្ឍនភាព ប្រតិបត្តិការងារបម្រេីសេវាហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋពិសេសការរីកចម្រេីនជីវភាពគ្រួសារប្រជាពលរដ្ឋដែលបានប្រេីប្រាស់សេវាកម្ចីរបស់គ្រឹះស្ថាន វ៉ាយ.អិល.ភី.ម.ក និងបានចូលរួមផ្សព្វផ្សាយការងារសង្គម ពិសេសបញ្ហាគ្រឿងញៀន បញ្ហាជំងឺកូវីដ១៩ និងបញ្ហាចរាចរណ៍ជាដើម។

ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានថ្លែងថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បានដឹកនាំបញ្ជាអន្តរាគមន៍យ៉ាងមុតស្រួច និងទទួលបាននូវការគាំទ្រពីសហគមន៍ជាតិ និងអន្តរជាតិលើការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ កាត់បន្ថយបាននូវផលប៉ះពាល់លើសង្គម-សេដ្ឋកិច្ច ជាអតិបរិមា និងបានបើកឲ្យដំណើរការប្រទេសឡើងវិញ ធ្វើឲ្យមានប្រក្រតីភាព នៃស្ថានភាពសេដ្ឋកិច្ច សង្គម និងមានការអភិវឌ្ឍលើគ្រប់វិស័យឡើងវិញ។

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងរម្លឹកដល់របបអាវខ្មៅ៣ឆ្នាំ ៨ខែ ២០ថ្ងៃថា វិស័យធនាគារត្រូវបាន បំផ្លាញទាំងស្រុងគ្មានការចរាចរប្រាក់រៀល រហូតដល់ក្រោយថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩ វិស័យធនាគារត្រូវបានស្តារឡេីញវិញ ហើយបានដេីរយ៉ាងសំខាន់ ក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច និងលេីកតម្កេីងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ដោយកោតសរសើរ និងអបអរសាទរចំពោះម្ចាស់ភាគហ៊ុន ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វ៉ាយ.អិល.ភី.ម.ក ព្រមទាំង ថ្នាក់ដឹកនាំខេត្ត និងស្ថាប័ន អង្គភាពពាក់ពន្ធ័ទាំងអស់ដែលបានគាំទ្រ និងបង្កលក្ខណៈងាយស្រួល ហេីយនេះក៏ជាសមិទ្ធផលថ្មីមួយ សម្រាប់ចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ លើកស្ទួយសេដ្ឋកិច្ចគ្រួសារ និងជាពិសេសចូលរួមអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ និងតាមបណ្តាខេត្តផ្សេងៗទៀត។

សូមបញ្ជាក់ថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វ៉ាយ.អិល.ភី ម.ក.គឺបានអភិវឌ្ឍន៍ខ្លួនពីសមាគមមូលនិធីវ៉ាយ.អិល.ភី ដែលកេីតចេញពីគំនិតផ្តួចផ្តេីមរបស់ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ប្រតិបត្តិការផ្តល់ប្រាក់កម្ចីមានអត្រាការប្រាក់ទាប ជួយដល់ប្រជាពលរដ្ឋយកទៅអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ៕