(ភ្នំពេញ)៖ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នឹងរៀបចំសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២១ និងលើកទឹសដៅភារកិច្ចសម្រាប់អនុវត្តបន្តឆ្នាំ២០២២ ក្រោមអធិបតីភាព លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានឲ្យដឹងថា សន្និបាតនឹងធ្វើឡើង រយៈពេលមួយថ្ងៃ នាថ្ងៃចន្ទ ៦កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅសណ្ឋាគារ សុខាភ្នំពេញ វិថីកែវចិន្តា ភូមិ១ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

ក្នុងសេចក្តីប្រកាសដដែល បានឲ្យដឹងទៀតថា អង្គសន្និបាត នឹងមានវេទិកាបញ្ចេញមតិផ្តល់បទអន្តរាគមន៍ ពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ដែលបានចូលរួម ដើម្បីធ្វើការត្រួតពិនិត្យ ពិភាក្សាវាយតម្លៃ លើរបាយការណ៍បូកសរុបលទ្ធផលការងារកាលពីឆ្នំា២០២១កន្លងទៅ លើចំណុចគន្លឹះចំនួន៤ ជាសំខាន់ រួមមាន៖

*ទី១៖ ការពង្រឹងប្រសិទ្ធភាព កិច្ចការទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងផ្សព្វផ្សាយច្បាប់
*ទី២៖ ការពង្រឹងប្រសិទ្ធភាព កិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុ
*ទី៣៖ ការពង្រឹងប្រសិទ្ធភាព កិច្ចការអធិការកិច្ច និងទទួលពាក្យបណ្តឹង ដោះស្រាយពាក្យបណ្តឹង
*ទី៤៖ ការអភិវឌ្ឍធនធានមនុស្ស តាមរយៈវិទ្យាស្ថានជាតិអធិការកិច្ច។

បន្ទាប់ពីបានស្វែងរកឃើញនូវចំណុចខ្លាំង និងចំណុចខ្សោយរួចមកៈ អង្គសន្និបាត នឹងដាក់ចេញជាទិសដៅភារកិច្ចថ្មី វិធានការថ្មី ដើម្បីអនុវត្តក្នុងឆ្នំា២០២២ ឲ្យកាន់តែមានប្រសិទ្ធភាព និងកាន់តែលឿនជាងឆ្នាំកន្លងទៅ ជូនរាជរដ្ឋាភិបាល និងបម្រើប្រជាជន ពិសេសការងារទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា ការងារផ្សព្វផ្សាយច្បាប់ ការងារអធិការកិច្ច និងការដោះស្រាយបណ្តឹងនានា ព្រមទាំងការងារបណ្តុះបណ្តាលធនធានមនុស្សលើវិស័យអធិការកិច្ច ដែលជាគោលដៅក្នុងការពង្រឹងអភិបាលកិច្ចល្អ ជាឧត្តមប្រយោជន៍របស់សង្គមជាតិទាំងមូល៕