(ភ្នំពេញ)៖ តាងនាមសមាជិក សមាជិកាក្រុមប្រឹក្សាធម្មនុញ្ញ ព្រមទាំងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ, ឯកឧត្តម នីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានសេចក្រៀមក្រំដ៏ក្រៃលែង ដោយបានទទួលដំណឹងថា ឯកឧត្តមវេជ្ជបណ្ឌិត ឈា ថាំង អតីតរដ្ឋមន្ត្រីក្រសួងសុខាភិបាល ត្រូវជាស្វាមីរបស់លោកជំទាវ ម៉ៅ សាមឿន បានទទួលអនិច្ចកម្មទៅ នៅថ្ងៃចន្ទ ១៤រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ក្នុងព្រះជន្មាយុ ៨៧ឆ្នាំ ដោយជរាពាធ។

ក្នុងសារលិខិតនេះ ឯកឧត្តម អ៉ឹម ឈុនលឹម បានចាត់ទុកមរណភាពរបស់ឯកឧត្តមវេជ្ជបណ្ឌិត ឈា ថាំង មិនត្រឹមជាការបាត់បង់នូវឧត្តមស្វាមី លោកឪពុក និងជីតា ប្រកបដោយព្រហ្មវិហារធម៌ ជាទីគោរពស្រឡាញ់របស់ក្រុមគ្រួសារលោកជំទាវប៉ុណ្ណោះទេ ប៉ុន្តែគឺជាការ បាត់បង់នូវឥស្សរជនដ៏ល្អមួយរូបរបស់ជាតិ ដែលបានចូលរួមចំណែកយ៉ាងសស្រាក់សស្រាំ ចាប់តាំងពីឆ្នាំ១៩៧៩ មកក្នុងការស្តារ និងកសាងវិស័យសុខាភិបាលឡើងវិញ ដើម្បីបុព្វហេតុបម្រើជាតិ សាសនា ព្រះមហាក្សត្រ ។

ក្នុងឱកាសដ៏ក្រៀមក្រំនេះ តាងនាមសមាជិក សមាជិកានៃក្រុមប្រឹក្សាធម្មនុញ្ញ និងមន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ ឯកឧត្តម អ៉ឹម ឈុនលឹម សូមចូលរួមមរណទុក្ខជាមួយ លោកជំទាវ ព្រមទាំងក្រុមគ្រួសារ និង សូមបួងសួងសូមបដិសន្ធិវិញ្ញាណរបស់ឯកឧត្តមវេជ្ជបណ្ឌិត ឈា ថាំង បានអញ្ជើញទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕