(ភ្នំពេញ)៖ តាងនាមសមាជិក សមាជិកានៃក្រុមប្រឹក្សាធម្មនុញ្ញ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ, ឯកឧត្តម កិតិ្ដនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានសេចក្តីក្រៀមក្រំក្រៃលែង ចំពោះការធ្វើមរណកាលរបស់មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ សោម លេន ជាញោមស្រីបង្កើតរបស់សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះមេគណរាជធានីភ្នំពេញ។

ក្នុងសារលិខិតរំលែកមរណទុក្ខនេះ ឯកឧត្តម អ៉ឹម ឈុនលឹម បានលើកឡើងថា មរណភាពនៃមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ សោម លេន មិនត្រឹមជាការបាត់បង់ដ៏ធំធេងនូវញោមស្រី ជាអ្នកមានគុណប្រកបដោយព្រហ្មវិហារធម៌ ជាទីគោរពស្រឡាញ់បំផុតរបស់ សម្តេច ព្រមទាំង ក្រុមគ្រួសារបុ៉ណ្ណោះទេ ប៉ុន្តែគឺជាការបាត់បង់នូវមហាពុទ្ធសាសនិកដ៏ល្អប្រពៃមួយរូបក្នុងព្រះពុទ្ធសាសនា។

ក្នុងឱកាសដ៏ក្រៀមក្រំនេះ តាងនាមសមាជិក សមាជិកានៃក្រុមប្រឹក្សាធម្មនុញ្ញ និងមន្ត្រីរាជការនៃអគ្គ លេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ ឯកឧត្តម អ៉ឹម ឈុនលឹម សូមចូលរួមមរណទុក្ខជាមួយ សម្តេច ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួងសូមបដិសន្ធិវិញ្ញាណរបស់មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ សោម លេន បានអញ្ជើញទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតប្រែជាប្រការដទៃឡើយ។

សូមបញ្ជាក់ថា មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ សោម លេន ជាញោមស្រីបង្កើតរបស់សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន បានទទួលអនិច្ចកម្មនៅថ្ងៃអង្គារ ១៥រោច ែខបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០១ ែខកុម្ភៈ ឆ្នាំ២០២២ ក្នុងជន្មាយុ ៨១ឆ្នាំ ដោយជរាពាធ៕