(ភ្នំពេញ)៖ លោកបណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានផ្តល់កិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន CNN International ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី០៧-០៨ ខែមករា កន្លងទៅនេះ។

ខាងក្រោមនេះជាកិច្ចសម្ភាសរវាង សារព័ត៌មាន CNN International ជាមួយលោកបណ្ឌិត កៅ គឹមហួនដែលមានខ្លឹមសារទាំងស្រុងដូចតទៅ៖

CNN៖ តើហេតុអ្វីបានជានាយករដ្ឋមន្ត្រីរបស់ឯកឧត្តម នៅតែប្តេជ្ញាទាក់ទងជាមួយមេដឹកនាំយោធា មីយ៉ាន់ម៉ា?

លោកបណ្ឌិត កៅ គឹមហួន៖ ទស្សនកិច្ចរបស់នាយករដ្ឋន្ត្រីខ្ញុំទៅមីយ៉ាន់ម៉ា នៅថ្ងៃទី៧-៨ ខែមករាកន្លងទៅ គឺដើម្បីសន្តិភាព និងការផ្សះផ្សាជាតិ។ គោលដៅគឺដើម្បីទំលុះភាពទាល់ច្រក ដែលមានតាំងពីយោធាបានដណ្តើមអំណាចនៅឆ្នាំ២០២១។ ពិតណាស់ គោលដៅគឺដើម្បីធានាថា យើងទាក់ទងក្នុងន័យស្ថាបនាជាមួយមីយ៉ាន់ម៉ា ដែលនៅដាច់ពីគេកាន់តែខ្លាំងឡើង។ យើងត្រូវតែធ្វើការជាមួយអ្នកដែលកាន់អំណាចដើម្បីធានាថា យើងអាចបញ្ចប់អំពើហិង្សា មានបទឈប់បាញ់ ហើយក៏ចូលរួមក្នុងកិច្ចសន្ទនាដោយផ្លែផ្កា ជាមួយភាគីពាក់ព័ន្ធទាំងអស់។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បាននាំទៅជាមួយគាត់នូវធម្មនុញ្ញអាស៊ាន និងកុងសង់ស៊ីស៥ចំណុច ដែលសំរេចដោយមេដឹកនាំអាស៊ានកាលពីឆ្នាំមុន។

CNN៖ ប្រទេសផ្សេងទៀតនៅក្នុងអាស៊ាន ជាពិសេស ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី រិះគន់ខ្លាំងអំពីទស្សនកិច្ចនេះ ដោយនិយាយថា វាធ្វើឱ្យការដឹកនាំផ្តាច់ការរបស់យោធាទៅជាស្របច្បាប់។ តើអ្វីគឺជាលទ្ធផលវិជ្ជមានពីទស្សនកិច្ចទៅប្រទេសមីយ៉ាន់ម៉ា?

លោកបណ្ឌិត កៅ គឹមហួន៖ នៅក្នុងអាស៊ានយើងមានគោលការណ៍ ឯកភាពដើម្បីជំទាស់/ agree to disagree។ ពិតណាស់ មានយោបល់ខុសគ្នា។ ប៉ុន្តែវិធីសាស្ត្ររបស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺដើម្បីធានាថា យើងចូលរួមឡើងវិញបែបស្ថាបនាជាមួយមីយ៉ាន់ម៉ា។ របបយោធាមីយ៉ាន់ម៉ា បានឯកភាពបន្តបទឈប់បាញ់ រហូតដល់ចុងឆ្នាំ២០២២។ ទី២ យោធាមីយ៉ាន់ម៉ា ក៏បានឯកភាពស្វាគមន៍ប្រេសិតពិសេសរបស់ប្រធានអាស៊ាន ដែលជាគោលដៅមួយនៃកុងសង់ស៊ីស ៥ចំណុច។ លើសពីនេះ ដោយសម្តេចតេជោនាយករដ្ឋមន្ត្រី មានកិច្ចពិភាក្សាជាមួយមេដឹកនាំយោធាជាន់ខ្ពស់របស់មីយ៉ាន់ម៉ា គាត់ស្វាគមន៍ការបង្កើតអង្គភាពពហុវិស័យ ដើម្បីជំរុញការផ្តល់ជំនួយមនុស្សធម៌ ទៅដល់ប្រជាជនមីយ៉ាន់ម៉ា។

CNN៖ ក្នុងរយៈពេល ១២ ខែកន្លងទៅ យោងតាមសមាគមជំនួយសម្រាប់អ្នកទោសនយោបាយ បានឱ្យដឹងថា មនុស្ស ១.៥០៣ នាក់ ត្រូវបានសម្លាប់ ដោយកងសន្តិសុខមីយ៉ាន់ម៉ា។ មនុស្ស ១១.៨៣៨ នាក់ ត្រូវបានចាប់ខ្លួន។ អង្គការសហប្រជាជាតិនិយាយថា មនុស្សជាង ៤.០០០ នាក់ ត្រូវបានផ្លាស់ទីជម្រក។ មានការរាយការណ៍យ៉ាងទូលំទូលាយអំពីការរំលោភបំពាន និងធ្វើទារុណកម្ម ក្នុងរយៈពេល ២សប្តាហ៍កន្លងទៅ។ មានការរាយការណ៍ថា យោធាបានបើករថយន្តដឹកទំនិញរបស់យោធា បុកបាតុករ ដោយសម្លាប់មនុស្ស។ យោធាបានដុតអ្នកភូមិចំនួន ១១ នាក់ រួមទាំងក្មេង។ នៅមុនបុណ្យណូអែល យោធាបានដុត មនុស្ស ៣១ នាក់ នៅក្នុងរថយន្តពួកគេ ក្រោយពីឃាត់ពួកគេ នៅប៉ុស្តិ៍យាម ស្របពេលពួកគេព្យាយាមរត់គេចពីការប្រយុទ្ធរវាងយោធា និងក្រុមអ្នកតស៊ូ។ មកដល់ចំណុចនេះ តើមនុស្សប៉ុន្មាននាក់ទៀតនឹងត្រូវស្លាប់? មនុស្សប៉ុន្មាននាក់ទៀតនឹងត្រូវបញ្ជូនចូលពន្ធនាគារ? ប៉ុន្មាននាក់ទៀតនឹងត្រូវដុតសម្លាប់ មុនពេលអាស៊ាន និងសម្តេច ហ៊ុន សែន ធ្វើអ្វីម្យ៉ាង ដើម្បីរារាំងកុំឱ្យកើតទៀត?

លោកបណ្ឌិត កៅ គឹមហួន៖ នេះជាហេតុផលដែលយើងចង់មានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសចង្អៀត ក្នុងប្រទេសកម្ពុជា ដែលគ្រោងធ្វើនៅថ្ងៃទី ១៦-១៧ ខែកុម្ភៈ។ យើងមើលលើរឿងនេះថា មានភាពបន្ទាន់ណាស់ ហើយបន្ទាប់មក នឹងឱ្យប្រេសិតពិសេសរបស់ប្រធានអាស៊ាន ជួបជាមួយភាគីពាក់ព័ន្ធ។ នេះជាហេតុផលដែលយើងកំពុងជំរុញខ្លាំងណាស់ ដើម្បីចូលរួមក្នុងន័យស្ថាបនាជាមួយមីយ៉ាន់ម៉ា ដោយសារភាពបន្ទាន់នេះ។ វាមិនត្រឹមតែអំពើហិង្សាដែលកំពុងកើតឡើងជាក់ស្តែងទេ វាក៏ដោយសារទិដ្ឋភាពមនុស្សធម៌ ជាពិសេសអ្នកដែលត្រូវបានប៉ះពាល់ដោយសារកូវីដ១៩។ នេះជាហេតុផលដែលសម្តេចតេជោនាយករដ្ឋមន្ត្រី បាននិងកំពុងទាក់ទងមិនមែនតែជាមួយមេដឹកនាំមីយ៉ាន់ម៉ាទេ ប៉ុន្តែក៏ទាក់ទងជាមួយមេដឹកនាំអាស៊ានផងដែរ ដើម្បីធានាថា យើងមានកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតមួយដែលជំរុញតួនាទីអាស៊ាន ក្នុងការចូលរួមឡើងវិញជាមួយមីយ៉ាន់ម៉ា ក្នុងលក្ខណៈវិជ្ជមាន។

CNN៖ អ្នកខ្លះនិយាយថា សម្តេច ហ៊ុន សែន ចូលចិត្តបុរសយោធា ដោយសារគាត់ខ្លួនឯងបាន កំទេចអ្នកខ្វែងយោបល់ផ្នែកនយោបាយទាំងអស់នៅក្នុងប្រទេសកម្ពុជា។ នេះជាហេតុផលដែលសម្តេច ហ៊ុន សែន មានទំនោរទៅរកបុរសយោធា ជាផ្នែករបស់អាស៊ាន ដោយគ្មានការរិះគន់។

លោកបណ្ឌិត កៅ គឹមហួន៖ វាមិនពិតទេ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បាននាំមកនូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដល់កម្ពុជា។ យើងមានប្រព័ន្ធពហុបក្សនៅកម្ពុជា។ វិធីដែលយើងចូលរួមជាមួយមីយ៉ាន់ម៉ា គឺយើងគ្មានផលប្រយោជន៍ជាតិអ្វីទាំងអស់ ប៉ុន្តែក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២២ យើងត្រូវចូលរួមជាមួយមីយ៉ាន់ម៉ាបែបស្ថាបនា ពីព្រោះមីយ៉ាន់ម៉ាគឺជាសមាជិកគ្រួសារអាស៊ាន។ យើងត្រូវធ្វើបែបនេះ ដើម្បីបញ្ចប់អំពើហិង្សា ទទួលបានបទឈប់បាញ់ ឱ្យប្រេសិតពិសេសរបស់ប្រធានអាស៊ានជួបជាមួយភាគីពាក់ព័ន្ធ ហើយឱ្យកិច្ចសន្ទនាដំណើរការ។ នេះគឺជាគោលបំណងរបស់កម្ពុជា ជាពិសេស នាយករដ្ឋមន្ត្រីរបស់ខ្ញុំ គឺដើម្បីធានាថា អាស៊ាននៅចូលរួមទាក់ទងជាមួយមីយ៉ាន់ម៉ា ហើយក៏ដើម្បីធានាថា យើងមានជំនួបជាមួយអ្នកដែលពាក់ព័ន្ធទាំងអស់ រួមទាំងរបបយោធា៕

ទស្សនាវីដេអូកិច្ចសម្ភាសន៍ជាមួយ CNN

https://video.snapstream.net/Play/5Z1M4vsSPGkTEVX0Kvdzav?accessToken=cuao6dbqylgmr