(កណ្តាល)៖ លោក ស៊ុន ចាន់ថុល សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារបក្សចុះមូលដ្ឋានស្រុកកោះធំ បានសម្រេចកែសម្រួលភារកិច្ច និងតែងតាំងសមាសភាពក្រុមការងារបន្ថែម ដើម្បីបង្កើននូវប្រសិទ្ធភាពការងារចុះជួយមូលដ្ឋានស្រុកកោះធំ និងស្វែងរកការគាំទ្រពីប្រជាពលរដ្ឋសម្រាប់ព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ នៅខែមិថុនា ឆ្នាំ២០២២។

ក្រៅតែពីការកែសម្រួលភារកិច្ច និងតែងតាំងសមាសភាពថ្មីបន្ថែមហើយនោះ នៅក្នុងពិធីនាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២នេះ លោក ស៊ុន ចាន់ថុល បានស្នើឱ្យសមាជិក សមាជិកាបក្សក្នុងស្រុកកោះធំ ក៏ដូចជាក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះធំ បង្កើនសកម្មភាពចុះតាមខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីស្វែងយល់ពីសុខទុក្ខ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។

លោក ស៊ុន ចាន់ថុល ក៏បានណែនាំឱ្យមានការរៀបចំកម្មវិធីការងារឱ្យបានច្បាស់លាស់ជាមួយឃុំទាំងអស់នៅក្នុងស្រុកកោះធំ ដើម្បីចាប់ផ្ដើមសកម្មភាពការងារគណបក្សឱ្យបានផុលផុស ជាពិសេសត្រូវបោះពុម្ពរូបភាពគម្រោងប្លង់សាងសង់មន្ទីពេទ្យតេជោ សែនកោះធំ ចុះចែកតាមខ្នងផ្ទះប្រជាពលរដ្ឋ បញ្ជាក់ពីសមិទ្ធផលសម្រេចបានដ៏ធំធេងរបស់ស្រុកកោះធំ រួមជាមួយសមិទ្ធផលផ្សេងៗទៀតទៅផ្សព្វផ្សាយជូនប្រជាពលរដ្ឋឱ្យបានដឹងអំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជាក្នុងការអភិវឌ្ឍស្រុកកោះឱ្យរីកចម្រើន។

លោក ស៊ុន ចាន់ថុល ក៏បានរំលេចនូវសមិទ្ធផល និងគម្រោងសំខាន់ៗ ដែលក្រុមការងារបានកសាង និងត្រៀមកសាងសម្រាប់ជាប្រយោជន៍ជូនប្រជាពលរដ្ឋក្នុងស្រុកកោះធំ មានដូចជាគម្រោងជួសជុលកែលម្អមណ្ឌល សុខភាពនានានៅក្នុងស្រុកកោះធំ ដើម្បីផ្តល់សេវាថែទាំសុខភាពជូនអ្នកស្រុកកោះធំឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។ ជាពិសេសមណ្ឌលសុខភាពដែលនៅឆ្ងាយពីមន្ទីរពេទ្យតេជោ សែនស្រុកកោះធំ គម្រោងដាក់អំពូលភ្លើងសូឡាបំភ្លឺផ្លូវដែលបានសាងសង់រួច ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។

បន្ថែមពីលើនេះ លោក ស៊ុន ចាន់ថុល បានណែនាំក្រុមការងារជម្រាបពលរដ្ឋពីភាពជោគជ័យរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ លើការយកឈ្នះចំពោះការរាតត្បាតជំងឺកូវីដ១៩ តាមរយៈយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនៅទូទាំងប្រទេស។ ក្រៅពីនោះត្រូវលើកបង្ហាញពីសារសំខាន់នៃសុខសន្តិភាព ដែលអនុញ្ញាតឱ្យរាជរដ្ឋាភិបាលអាចស្ដារហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពាន និងគម្រោងដែលត្រូវអនុវត្តជាច្រើនទៀត។

លោក ស៊ុន ចាន់ថុល ក៏បានណែនាំក្រុមការងារ ពន្យល់ប្រជាពលរដ្ឋអំពីការកើនឡើងនៃជីវិតសង្ឃឹមរស់ (Life Expectancy) រយៈពេល ១៤ឆ្នាំបន្ថែមទៀតរបស់ប្រជាជនកម្ពុជាប្រៀបធៀបទៅនឹងរយៈពេល ២០ឆ្នាំកន្លងទៅ ដោយសារកម្ពុជាមានការរីកចម្រើនលើវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត។ ជាពិសេសមធ្យោបោយ និងផ្លូវធ្វើដំណើរឆ្ពោះទៅកាន់មន្ទីរពេទ្យ ដើម្បីស្វែងរកសេវាថែទាំនិងព្យាបាលសុខភាព រួមជាមួយនឹងបរិស្ថានរស់នៅស្អាត អាហារបរិភោគគ្រប់គ្រាន់ និងទឹកស្អាតជាដើម៕