(កំពង់ធំ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២នេះ បានដឹកនាំមន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន កម្លាំងសមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធចុះដោះស្រាយបញ្ហាមួយចំនួនជូនដល់ប្រជាជននៅភូមិគោកត្របែក ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ។

បន្ទាប់ពីធ្វើដំណើរលើផ្លូវចម្ងាយជាង៥០គីឡូម៉ែត្រ ជាមួយនឹងរយៈពេលជាង២ម៉ោងរួចមក ថ្នាក់ដឹកនាំទាំងពីរបានចុះសំណេះសំណាល និងពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះប្រជាជនអ្នកភូមិគោកត្របែក ដែលជាភូមិដាច់ស្រយាលពីគេមួយស្ថិតក្នុងតំបន់៣នៃតំបន់ជុំវិញបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។

នាឱកាសនោះ លោក ងួន រតនៈ បានថ្លែងថា មូលដ្ឋានភូមិគោកត្របែកនេះទទួលបានគោលនយោបាយពិសេសជាងគេមួយ ដែលមានប្រជាពលរដ្ឋរស់នៅតាំងពីមុនសម័យសង្គមរាស្ត្រនិយមមកម្ល៉េះ ដូច្នេះហើយទើបរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ក៏បានគិតគូរដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងភូមិគោកត្របែកនេះខ្លាំងណាស់ដែរ។

លោកអភិបាលខេត្តបានអះអាងថា រដ្ឋបាលខេត្តកំពង់ធំនឹងបន្តខិតខំអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល តាមស្មារតីសជណលេខ ១០០៣ និងលេខ ១០៤៤ ក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ដើម្បីឱ្យប្រជាជនអាចប្រើប្រាស់ និងអាស្រ័យផលលើទីតាំងដែលមានម្ចាស់ជាក់ស្ដែង។

ជាមួយគ្នានោះដែរ លោក ថោង ខុន បានលើកទឹកចិត្តដល់ប្រជាជននៅមូលដ្ឋានភូមិគោកត្របែកត្រូវចូលរួមសហការជាមួយអាជ្ញាធរ និងមន្ត្រីជំនាញប្រកបដោយភាពស្មោះត្រង់ ដើម្បីឱ្យការដោះស្រាយបញ្ហាទាំងឡាយរបស់ប្រជាជនដំណើរការទៅដោយរលូន និងត្រឹមត្រូវ។

លោកប្រធានក៏បានស្នើយ៉ាងទទូចដល់ប្រជាជនសូមកុំប្រព្រឹត្តបទល្មើសកាប់ឆ្ការព្រៃលិចទឹក បទល្មើសនេសាទ ដូចជាការឆក់ត្រីជាដើម ដើម្បីបន្តនិរន្តរភាពបឹងទន្លេសាប និងអនាគតកូនចៅជំនាន់ក្រោយៗទៀត។

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំរូបនេះក៏បានជំរុញដល់ប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត ត្រូវទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងត្រៀមឯកសារបញ្ជាក់អត្តសញ្ញាណ ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដើម្បីចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ និងការបោះឆ្នោតនាពេលខាងមុខទៀត។

លោករដ្ឋមន្ត្រី ថោង ខុន ក៏បានជំរុញណែនាំដល់អាជ្ញាធររដ្ឋបាលស្រុកតាំងគោក និងរដ្ឋបាលឃុំស្រឡៅត្រូវរួមគ្នារៀបចំសោភ័ណភាព របៀបរៀបរយនៅក្នុងភូមិ និងនៅតាមផ្លូវ ដើម្បីឱ្យមានភាពស្អាត និងបៃតង ម្យ៉ាងទៀតមន្ត្រីស៉ីវិល និងមន្ត្រីសមត្ថកិច្ចក៏ត្រូវបង្កើនការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ ដូចជាសេវាធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សេវាសុខាភិបាល សេវាអប់រំជាដើម។

លោក ថោង ខុន ក្នុងនាមប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក ក៏បានណែនាំដល់ក្រុមប្រឹក្សាឃុំស្រឡៅ ក៏ដូចជាបេក្ខភាពក្រុមប្រឹក្សាឃុំដែលត្រៀមឈរឈ្មោះបោះឆ្នោតនាពេលខាងមុខ ក៏ដូចជាបង្កើនការយកចិត្តទុកដាក់ចុះជួយប្រជាជន ពិសេសត្រូវចុះការងារជាប់ជាមួយមន្ត្រីអាជ្ញាធរ និងមន្ត្រីជំនាញ ដែលនឹងចុះមកវាស់វែងដីជូនប្រជាជននាពេលខាងមុខឆាប់ៗនេះ។

មិនតែប៉ុណ្ណោះ លោករដ្ឋមន្ត្រី ថោង ខុន និងលោកអភិបាលខេត្ត ងួន រតនៈ ក៏បានអំពាវនាវដល់ប្រជាជននៅភូមិគោកត្របែកថា ទោះបីភូមិនេះនៅដាច់ស្រយាលពីគេ ប៉ុន្តែក៏ត្រូវចូលរួមថែរក្សាសុខភាព មានការប្រុងប្រយ័ត្ន និងការពារខ្លួនពីការចម្លងជំងឺកូវីដ១៩ តាមរយៈការអនុវត្តវិធានការ ៣-ការពារ និង ៣-កុំ ពីព្រោះថាជំងឺនេះមិនទាន់ទៅណាឆ្ងាយពីយើងគ្រប់គ្នានៅឡើយទេ។ ម្យ៉ាងទៀត ថ្នាក់ដឹកនាំទាំងពីរក៏បានអំពាវនាវដល់ប្រជាជនសូមត្រៀមខ្លួនក្នុងទទួលការចាក់វ៉ាក់សាំងដូសទី៤ ដើម្បីបង្កើនភាពស៊ាំក្នុងសហគមន៍។

គួរជម្រាបថា បច្ចុប្បន្ន ភូមិគោកត្របែកមានប្រជាជនរស់នៅចំនួន៣៣២គ្រួសារ ស្មើនឹង ១,៣៤១នាក់ (ស្រី៦៧៩នាក់)។ ទោះបីជាភូមិដាច់ស្រយាលមួយពិតមែន ប៉ុន្តែតែងទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រោមការជួយអភិវឌ្ឍពីសំណាក់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ រដ្ឋបាលខេត្ត រដ្ឋបាលស្រុកជាដើម។ ជាក់ស្ដែង សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ដល់នូវមន្ទីរពេទ្យ អណ្ដូងទឹក និងគាំទ្រស្មារតីក្នុងការកសាងវត្តអារាម ផ្លូវធ្វើដំណើរ សាលារៀន សេវាសាធារណៈ និងការសម្រួលដល់ការរស់នៅរបស់ប្រជាជនជាច្រើន ហើយក្រោយនេះទៀត រាជរដ្ឋាភិបាលក៏បាននិងកំពុងបំពេញការងារកាត់ឈ្វៀលដីដែលប្រជាជនរស់នៅ និងអាស្រ័យផលជូនពួកគាត់ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់។

លោកអភិបាលខេត្ត ងួន រតនៈ បានបញ្ជាក់ដែរថា ជាអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន សម្រាប់ខេត្តកំពង់ធំ ក៏មិនផ្ដោតតែនៅភូមិគោកត្របែកនេះដែរ គឺមានភូមិ-ឃុំមួយចំនួនទៀតដែលមានស្ថានភាពប្រហាក់ប្រហែលគ្នាដែរ ដូចជា ឃុំពាមបាងនៃស្រុកស្ទោង និងឃុំផាត់សណ្ដាយនៃស្រុកកំពង់ស្វាយជាដើម ហើយរាជរដ្ឋាភិបាលនឹងខិតខំដោះស្រាយឱ្យបានគ្រប់មូលដ្ឋានរបស់ប្រជាជន៕