(ភ្នំពេញ)៖ ឆ្នាំ២០២១ ទាំងនៅកម្ពុជា និងនៅលើពិភពលោកផងដែរ គឺជាឆ្នាំមួយដែលរងនូវវិបត្តិសង្គម និងសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដោយសារតែការរាតត្បាតនៃជំងឺកូវីដ១៩។ បើទោះបីសង្គមជួបការលំបាកដោយសារមេរោគឆ្លងសាកលនេះយ៉ាងណាក្តី តែក្រុមហ៊ុនទាំង៩ របស់អ្នកឧកញ៉ា ទ្រី ភាព នៅតែបន្តឈរជើងយ៉ាងរឹងមាំ ជាមួយបុគ្គលិករបស់ខ្លួនជាង ២ពាន់នាក់។

នៅថ្ងៃចុងសប្តាហ៍នេះ ក្រុមហ៊ុនទ្រីភាពគ្រុប បានបើកសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងឆ្នាំ២០២២ ក្រោមអធិបតីភាព អ្នកឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុនទ្រីភាព និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ប្រធានក្រុម ប្រធានផ្នែក នៃក្រុមហ៊ុនទាំង៩។

ក្នុងសន្និបាត បានពិនិត្យលើសមិទ្ធផលការងារ ដែលសម្រេចបាន និងពិនិត្យលើភាពប្រឈម និងបញ្ហា ដែលបានកើតមាននៅក្នុងឆ្នាំ២០២១។ សន្និបាត ក៏បានពិនិត្យដាក់ចេញនូវផែនការការងារសម្រាប់ឆ្នាំ២០២២ ធ្វើយ៉ាងណាឱ្យដំណើរការរបស់ក្រុមហ៊ុនមានភាពកាន់តែប្រសើរ។

នៅក្នុងសន្និបាតនោះ ក្រុមហ៊ុន បានគូសបញ្ហានូវភាពប្រឈមមួយចំនួនរបស់ក្រុមហ៊ុន បណ្តាលមកពីការរាតត្បាតជំងឺកូវីដ១៩ផងដែរ។ ប៉ុន្តែក្រោមការដាក់ចេញយុទ្ធសាស្ត្រនានារបស់អ្នកឧកញ៉ា ទ្រី ភាព ជាអគ្គនាយក អមដោយការចូលរួមបំពេញការងារយ៉ាងយកចិត្តទុកដាក់នោះ បានធ្វើឱ្យក្រុមហ៊ុនទម្លុះបានរាល់បញ្ហាដ៏លំបាកនោះ។

ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅក្រោយសន្និបាត អ្នកឧកញ៉ា ទ្រី ភាព បានលើកឡើងថា ជំនួញរបស់លោកភាគច្រើន គឺរកស៊ីតែក្នុងប្រទេស មិនសូវពាក់ព័ន្ធនឹងក្រៅប្រទេសនោះឡើយ។ ដូច្នេះមិនសូវជួបការលំបាកពីការអនុវត្តន៍វិធានការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ របស់បណ្តាប្រទេសនានានោះឡើយ។

អ្នកឧកញ៉ា ទ្រី ភាព បានគូសបញ្ជាក់ដូច្នេះ «យើងរកស៊ី យើងអត់បានឆ្លងក្រៅប្រទេសទេ។ យើងរកស៊ីក្នុងប្រទេស អ៊ីចឹងក្នុងប្រទេសយើត្រូវការដូចជាកៅស៊ូ ដូចជាប្រេង។ យើងលក់សព្វថ្ងៃលក់ អត់មានបញ្ហាទេ។ បើធ្លាក់ ធ្លាក់ដោយសារការបិទខ្ទប់ប៉ុន្មានខែហ្នឹងទេ កសិកម្មយើងនៅតែដើរ ហើយប្រេងយើងនៅតែលក់ដាចក់»។

អ្នកឧកញ៉ា ទ្រី ភាព បានឱ្យដឹងថា ក្រុមហ៊ុនទាំង៩របស់លោកដែលកំពុងដំណើរការនាពេលបច្ចុប្បន្ននេះ មានដូចជាក្រុមហ៊ុនធ្វើផ្លូវថ្នល់ ក្រុមហ៊ុនដឹកជញ្ជូន ក្រុមហ៊ុនប្រេង ក្រុមហ៊ុនចំការកៅស៊ូ និងក្រុមហ៊ុនទេសចរណ៍ជាដើម។

បើតាមអ្នកឧកញ៉ា ទ្រី ភាព ក្រុមហ៊ុនដែលដំណើរការល្អជាងគេ គឺក្រុមហ៊ុនចំការកៅស៊ូ ដែលមានផ្ទៃដីដាំដុះប្រមាណជា ៦ពាន់ហិកតា នៅក្នុងស្រុករវាង ខេត្តព្រះវិហារ។ អ្នកឧកញ៉ា បានឱ្យដឹងថា កៅស៊ូនេះ ភាគច្រើនត្រូវបាននាំចេញទៅក្រៅ ហើយតម្លៃនៅតែល្អ។

តាមរយៈការវិនិយោគនៃក្រុមហ៊ុនទាំង៩របស់អ្នកឧកញ៉ា ទ្រី ភាព មិនត្រឹមតែបានរួមចំណែកជួយដល់សេដ្ឋកិច្ចជាតិ តាមរយៈការបង់ពន្ធនានានោះទេ តែក្រុមហ៊ុនទាំង៩នេះ ក៏បានរួមចំណែកផ្តល់ការងារជូនប្រជាពលរដ្ឋខ្មែរផងដែរ។ ក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ១៩នេះ ក្រុមហ៊ុនទាំង៩របស់អ្នកឧកញ៉ា ទ្រី ភាព នៅតែរក្សាបុគ្គលិក និងកម្មករដែលមានចំនួនសរុបជាង ២ពាន់នាក់ដដែល មិនមានការកាត់បុគ្គលិកនោះឡើយ។ អ្នកឧកញ៉ា បានឱ្យដឹងថា ក្រុមហ៊ុនចំណាយប្រាក់ខែ និងប្រាក់ឈ្នួលជូនបុគ្គលិក និងកម្មករ និយោជិត ប្រមាណជា ៥០ម៉ឺនដុល្លារជារៀងរាល់ខែ។

ជាមួយនឹងការជម្នះបាននូវផលលំបាកទាំងឡាយពីការរាតត្បាតនៃជំងឺកូវីដ១៩ហើយនោះ អ្នកឧកញ៉ា ទ្រី ភាព ក៏បានបង្ហាញការពេញចិត្តចំពោះនយោបាយចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន។ អ្នកឧកញ៉ា ទ្រី ភាព បានលើកឡើងថា នយោបាយចាក់ស្រោចវ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ បានធ្វើឱ្យក្រុមហ៊ុនមានដំណើរការល្អឡើងវិញ ក្រោយពេលរាជរដ្ឋាភិបាលបើកសកម្មភាពសេដ្ឋកិច្ចឡើងវិញ៕