(ក្រចេះ)៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារខេត្តក្រចេះ និងសហការី បានចូលរួមកម្មវិធីជួបសំណេះសំណាល និងលើកទឹកចិត្តដល់សិស្សានុសិស្សក្នុងខេត្តក្រចេះ ដែលបានប្រឡងជាប់និទ្ទេស A ចំនួន ៤៥នាក់ និង និទ្ទេស B ចំនួន ១៣០នាក់ ក្នុងសម័យប្រឡងមធ្យមសិក្សាទុតិយភូមិ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះ។

ពិធីនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២២ នៅសាលមហោស្រពខេត្តក្រចេះ ដោយមានការចូលរួមពីសំណាក់អ្នកតំណាងរាស្រ្ត និង អស់លោក លោកស្រី ជាប្រធាន អនុប្រធាន ក្រុមប្រឹក្សា ខេត្ត អភិបាលខេត្ត មន្រ្តី ក្រុមការងារក្រុង ស្រុក-ឃុំ សង្កាត់ មន្ទីរអង្គភាពជុំវិញខេត្ត នាយកសាលា លោកគ្រូ អ្នកគ្រូ និងសិស្សជ័យលាភីនិទេ្ទស A និងនិទ្ទេស B ទូទាំងខេត្ត ព្រមទាំងមាតាបិតាសិស្ស សរុប មាន អ្នកចូលរួមប្រមាណជាង ៣០០នាក់។

បន្ទាប់ពីបានស្តាប់របាយការណ៍របស់លោក ឡាយ បូរ៉ា ប្រធានមន្ទីរអប់រំយុវជន និង កីឡាខេត្ត ពីស្ថានភាពនៃការអប់រំ និង លទ្ធផលប្រឡងមធ្យមសិក្សាទុតិយភូមិទូទាំងខេត្តក្រចេះ និងមតិចាប់អារម្មណ៍ប្តេជ្ញាចិត្តរ បស់តំណាងសិស្សានុសិស្សជ័យលាភីរួចមក លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង ជាប្រធានក្រុមការងារខេត្តក្រចេះ បានថ្លែងនូវការកោតសរសើរអបអរសាទរចំពោះលទ្ធផលល្អប្រសើរគួរជា ទីមោទនៈ ដែលក្មួយៗសិស្សានុសិស្សទាំងអស់សំរេចបាននូវករណីកិច្ចក្នុងនាមជាសិស្សានុសិស្សចំពោះមាតិបិតានិង គ្រួសារចំពោះលោកគ្រូ អ្នកគ្រូ សាលារៀន និងសហគមន៍ ក៏ដូចជាចំពោះសង្គមជាតិទាំងមូល។

ដើម្បីជាការលើកទឹកចិត្តចំពោះជោគជ័យដ៏ត្រចះត្រចង់នេះ ក្រុមការងារបានប្រកាសផ្តល់ជូនអាហារូបករណ៍ ១០០ភាគរយ ដល់ជ័យលាភី និទេ្ទស A និង និទ្ទេស B ទាំង១៧៥នាក់ សំរាប់ការសិក្សាថ្នាក់ឧត្តម សិក្សាបន្តទៀត ទៅតាមការជ្រើសរើសរបស់សាមីខ្លួន ដែលអាហារូបករណ៍ទាំងអស់នេះ ទទួលបានពីការជួយឧបត្ថម្ភរបស់គ្រឹះស្ថានឧត្តមសិក្សាដូចខាងក្រោម៖

១. សាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ (BELTIE International University) ចំនួន ៥០កន្លែង

២. សាកលវិទ្យាល័យកម្ពុជា (The University of Cambodia) ចំនួន ២០កន្លែង

៣. សាកលវិទ្យាល័យឥន្ទ្រវិជ្ជា (University of Indrawichea) ចំនួន ១០កន្លែង

៤. សាកលវិទ្យាល័យវេស្ទើន (Western University) ចំនួន ៥កន្លែង

៥. សាកលវិទ្យាល័យអាស៊ីអឺរ៉ុប (Asia Euro University) ចំនួន ៥កន្លែង

៦. សាកលវិទ្យាល័យឯកទេសនៃកម្ពុជា (Cambodian University of Specialties) ចំនួន ៥កន្លែង

៧. សាកលវិទ្យាល័យជាតិគ្រប់គ្រង (National University of Management) ចំនួន ៣កន្លែង

៨. វិទ្យាស្ថានក្រុងអង្គរ (Angkor City Institue) ចំនួន ៥៧កន្លែង

៩. វិទ្យាស្ថានជាតិពហុបចេ្ចកទេសអង្គរ (National Polytechnic Institute of Angkor) ចំនួន ២០កន្លែង

សរុបទាំងអស់មានចំនួន ១៧៥កន្លែង សម្រាប់ការសិក្សាបរិញ្ញាប័ត្ររយៈពេល៤ឆ្នាំ។

ក្នុងឱកាសនោះដែរ លោករដ្ឋមន្រ្តី ព្រុំ សុខា ប្រធានក្រុមការងារខេត្តក្រចេះ ក៏បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ត្រូវបន្តរៀនសូត្រថ្នាក់ឧត្តមសិក្សា ដើម្បីទទួលបានពុទ្ធិ និងចំណេះពិតប្រាកដទាំងចំណេះដឹង និង ចំណេះធ្វើ ទាំងជំនាញរឹង និង ជំនាញទន់ ក្លាយជាទំពាំងក្នុងថ្នាលធនធានមនុស្សប្រកបដោយសីលធម៌ គុណធម៌ ផូរផង់ និងសក្តានុពលធំធេងសំរាប់អនាគតរុងរឿងរបស់ខ្លួន និងមាតុភូមិ។

ជាទីបញ្ចប់ លោករដ្ឋមន្ត្រីប្រធានក្រុមការងារខេត្តក្រចេះ បានក្រើនរំលឹក និងអំពាវនាវដល់អ្នកចូលរួមទាំងអស់ រួមទាំងសិស្សានុសិស្សនិងអាណាព្យាបាល ត្រូវបន្តចូលរួមក្នុងចលនាជាតិប្រយុទ្ធទប់ស្កាត់ និងគ្រប់គ្រងកូវីដ១៩ ជំរុញសន្ទុះបើកសេដ្ឋកិច្ច និងសង្គជាតិឡើងវិញ ឱ្យឈានទៅមុខយ៉ាងរឹងមាំជាលំដាប់ក្រោមមគ្គុទេសក៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបុព្វហេតុដ៏រឹងមាំនៃសុខសន្តិភាព វឌ្ឍនភាព វិបុលភាពរបស់មាតុភូមិ និងប្រជាជនយើងជាដរាបតរៀងទៅ៕