(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២នេះ បានអញ្ជើញទទួលដោយផ្ទាល់នូវវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទអាស្ដ្រាហ្សេនីកា ចំនួន៣០ម៉ឺនដូស ដែលជាការផ្ដល់ជំនួយដល់រាជរដ្ឋាភិបាល និងប្រជាជនសាធារណរដ្ឋប៉ូឡូញ ដើម្បីបម្រើដល់ការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ បន្ទាប់ពីដឹកមកដល់ការពីយប់រំលងអធ្រាត្រ។

នៅចំពោះមុខ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំនៅកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រជាជន និងរដ្ឋាភិបាលប៉ូឡូញ ដែលបានផ្ដល់ជំនួយវ៉ាក់សាំងនេះដល់កម្ពុជា ដែលអំណោយវ៉ាក់សាំងនេះបានឆ្លុះបញ្ចាំងឲ្យឃើញពីការយកចិត្តទុកដាក់ និងទឹកចិត្តដ៏ថ្លៃថ្លារបស់ប្រជាជន និងរដ្ឋាភិបាលប្រទេសមួយនេះ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះថា «នាឱកាសនេះ ក្នុងនាមប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមអរគុណចំពោះអំណោយវ៉ាក់សាំងដែលឆ្លុះបញ្ចាំងឲ្យឃើញពីការយកចិត្តទុកដាក់ និងទឹកចិត្តដ៏ថ្លៃថ្លារបស់ប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋប៉ូឡូញ ក្នុងការប្រយុទ្ធនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា ក៏ដូចជានៅលើសកលលោកទាំងមូល»

បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន កម្ពុជាចាត់ទុកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាអាទិភាពយុទ្ធសាស្ត្រ និងវាយតម្លៃខ្ពស់ចំពោះការជួយចែករំលែកវ៉ាក់សាំងគ្នាទៅវិញទៅមក និងជាហូរហែ ក្នុងគោលដៅពន្លឿនការចាក់វ៉ាក់សាំងនៅទូទាំងសកលលោក។ ក្នុងស្មារតីនេះ សម្ដេចតែងតែចំណាយពេលចូលរួមទទួលជំនួយវ៉ាក់សាំងកូដ-១៩ ដោយផ្ទាល់ដើម្បីសំដែងនូវការអរគុណ និងវាយតម្លៃខ្ពស់ចំពោះសន្តានចិត្តមនុស្សធម៌របស់ប្រទេសជាមិត្ត ។

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានអះអាងទៀតថា ជាការពិត ការចាក់វ៉ាក់សាំង គឺជាវិធានការគន្លឹះក្នុងការគ្រប់គ្រងការឆ្លងរាលដាល និងការឈានទៅបញ្ចប់វិបត្តិនៃជំងឺកូវីដ១៩ និងបើកដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញ តាមគន្លងប្រក្រតីភាពថ្មីប្រកបដោយសុវត្ថិភាព។

សម្ដេចតេជោ ហ៊ុន សែន បានលើកជាឧទារហណ៍ជាក់ស្តែងថា ជាមួយនឹងអត្រានៃការចាក់វ៉ាក់សាំងប្រមាណ ៩០ភាគរយ នៃប្រជាជនសរុបប្រមាណ១៦លាននាក់ គិតត្រឹមថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ កម្ពុជាអាចគ្រប់គ្រងការឆ្លងរាលដាលកាត់បន្ថយការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងអត្រាមរណភាពឲ្យស្ថិតនៅក្នុងកម្រិតទាប និងអាចរក្សាបាននូវដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ច។

ជាលទ្ធផល ទោះបីជាកម្ពុជាបានជួបប្រទះនូវព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ ដែលទើបត្រូវបានបិទបញ្ចប់កាលពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២១ ថ្មីៗនេះ ភាពជោគជ័យនៃ
យុទ្ធនាការជាតិចាក់វ៉ាក់សាំង បានធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាមានការកើនឡើងលើសការរំពឹងទុក។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់សម្ដេចតេជោ ហ៊ុន សែន បានទទួលជោគជ័យលើការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ បើទោះបីប្រឈមកាលពីពេលកន្លងទៅរហូតប្រើប្រាស់វិធានការបិទខ្ទប់ក៏ដោយនោះ។ ប៉ុន្ដែសម្ដេចតេជោ ហ៊ុន សែន បានប្រើប្រាស់នូវយុទ្ធសាស្ដ្រស្រោចវ៉ាក់សាំង ជាការប្រឆាំងនឹងជំងឺដ៏កាចសាហាវមួយនេះ។

គិតត្រឹមយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៤,៣៥១,៨០៥នាក់។ ក្នុងរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,២០០,៤៧២នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨១៨,៥៧៤នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០១០,០០៣នាក់
៤៖ អាយុ៥ឆ្នាំ ៣២២,៧៥៦នាក់៕