(ភ្នំពេញ)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការចាក់វ៉ាក់សាំង គឺជាវិធានការគន្លឹះក្នុងការគ្រប់គ្រងការឆ្លងរាលដាល និងការឈានទៅបញ្ចប់វិបត្តិនៃជំងឺកូវីដ១៩ និងការបើកដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញ តាមគន្លងប្រក្រតីភាពថ្មីប្រកបដោយសុវត្ថិភាព។

យោងតាម «ផែនការយុទ្ធសាស្ត្រយុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សំដៅបង្កើតឱ្យបាននូវភាពស៊ាំសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ក្នុងឆ្នាំ២០២១» ដែលដាក់ចេញកាលពីខែឧសភា ឆ្នាំ២០២១ គឺរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវផែនការស្វែងរកវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋ ឱ្យរួចរាល់នៅឆ្នាំ២០២២ ខាងមុខនេះ។

ទោះជាយ៉ាងនេះក្តីវ៉ាក់សាំងតែមួយមុខនឹងមិនអាចបញ្ចប់ការឆ្លងរាតត្បាតជាសកលនៃជំងឺនេះឡើយ។ ការបន្តអនុវត្តន៍វិធានការសុខភាពសាធារណៈ ដើម្បីទប់ស្កាត់ការចម្លងជំងឺនេះនៅតែចាំបាច់ ដូចជាការធ្វើតេស្ត ការគោរពវិធានការចត្តាឡីស័ក ការពាក់ម៉ាស់ ការលាងសម្អាតដៃ និងការរក្សាគម្លាតសុវត្ថិភាពជាដើម។

ការមានប្រសាសន៍បែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេច និងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីភាពទទួល និងប្រគល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ អាស្ត្រាហ្សេនីកា ចំនួន៣០ម៉ឺនដូស ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនប៉ូឡូញ នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ នៅវិមានសន្តិភាព។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ជាការពិតការចាក់វ៉ាក់សាំង គឺជាវិធានការគន្លឹះក្នុងការគ្រប់គ្រង ការឆ្លងរាលដាល និងការឈានទៅបញ្ចប់វិបត្តិនៃជំងឺកូវីដ១៩ និងការបើកដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញ តាមគន្លងប្រក្រតីភាពថ្មីប្រកបដោយសុវត្ថិភាព»

ជុំវិញដំណើរការចាក់វ៉ាក់សាំងនេះដែរ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានក៏បានលើកឡើង ជាឧទារហណ៍ថា ជាក់ស្តែងជាមួយនឹងអត្រានៃការចាក់វ៉ាក់សាំងប្រមាណ ៩០ភាគរយ នៃប្រជាជនសរុបប្រមាណ ១៦លាននាក់ គិតត្រឹមថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ កម្ពុជាអាចគ្រប់គ្រងការឆ្លងរាលដាល កាត់បន្ថយការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងអត្រាមរណភាព ឱ្យស្ថិតនៅក្នុងកម្រិតទាប និងអាចរក្សាបាននូវដំណើរការសកម្មភាព សង្គម-សេដ្ឋកិច្ច។

បន្ថែមពីនេះសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ជាលទ្ធផល ទោះបីជាកម្ពុជាបានជួបប្រទះនូវ ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ ដែលទើបត្រូវបានបិទ បញ្ចប់កាលពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២១ ថ្មីៗនេះ ភាពជោគជ័យនៃ យុទ្ធនាការជាតិចាក់វ៉ាក់សាំង បានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានការកើនឡើងលើសការរំពឹងទុក។

នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ជាក់ស្តែង សេដ្ឋកិច្ចកម្ពុជាត្រូវ បានប៉ាន់ស្មានថានឹងកើនរហូតដល់ ៣% ក្នុងឆ្នាំ២០២១ និងត្រូវបានព្យាករណ៍ថាបន្តកើនឡើងជាង ៥% នៅក្នុងឆ្នាំ២០២២ តាមរយៈការបើកប្រទេសពេញលេញ និងការត្រលប់ទៅរកការ ដំណើរការជាប្រក្រតីឡើងវិញ នៃសកម្មភាពសង្គម-សេដ្ឋកិច្ច នៅក្នុងគ្រប់វិស័យ។

គួរជម្រាបថា គិតត្រឹមយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ ម្សិលមិញ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៤,៣៥១,៨០៥នាក់។ ក្នុងរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,២០០,៤៧២នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨១៨,៥៧៤នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០១០,០០៣នាក់
៤៖ អាយុ៥ឆ្នាំ ៣២២,៧៥៦នាក់៕