(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ក្នុងនាមជាប្រធានអាស៊ាន កម្ពុជាបានត្រៀមខ្លួនជំរុញចំណងមិត្តភាព កម្ពុជា-ប៉ូឡូញ និង អាស៊ាន-ប៉ូឡូញ ព្រមទាំងកម្ពុជា-សហភាព អឺរ៉ុប និង អាស៊ាន-សហភាពអឺរ៉ុប ឲ្យកាន់តែរឹងមាំថែមទៀត។

សម្តេចតេជោនាយករដ្ឋមន្រ្តី ថ្លែងបែបនេះ នៅក្នុងឱកាសទទួលថ្នាំបង្ការជំងឺកូវីដ១៩ ប្រភេទអាស្ត្រាហ្សេនីកា ចំនួន៣០ម៉ឺនដូស ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនប៉ូឡូញ នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងនាមជា ប្រធានអាស៊ានសម្រាប់ឆ្នាំ ២០២២ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការជំរុញកិច្ចសហ ប្រតិបត្តិការលើគ្រប់វិស័យ ចំណងមិត្តភាព និងសាមគ្គីភាពរវាង កម្ពុជា-ប៉ូឡូញ និង អាស៊ាន-ប៉ូឡូញ ព្រមទាំងរវាង កម្ពុជា-សហភាព អឺរ៉ុប និង អាស៊ាន-សហភាពអឺរ៉ុប ឱ្យកាន់តែមានភាពរឹងមាំ និង ស្អិតមួតថែមទៀត»

សម្តេចបន្តថា កម្ពុជាក៏សូមលើកទឹកចិត្តឱ្យសាធារណរដ្ឋ ប៉ូឡូញ និងសហភាពអឺរ៉ុប បន្តផ្តល់ការគាំទ្រដល់កម្ពុជា និងអាស៊ាន និងលើកទឹកចិត្តឱ្យធុរជន-វិនិយោគិនប៉ូឡូញ ក៏ដូចជា សហភាព អឺរ៉ុប បង្កើនការធ្វើធុរកិច្ច-ពាណិជ្ជកម្ម និងការវិនិយោគ ជាពិសេស លើវិស័យកសិ-ឧស្សាហកម្ម អប់រំ និងទេសចរណ៍នៅកម្ពុជា ក៏ដូចជាក្នុងតំបន់អាស៊ានទាំងមូល។

កម្ពុជា និងសាធារណរដ្ឋប៉ូឡូញគឺជាមិត្តចាស់ ដែលមានទំនាក់ទំនងការទូតតាំងពីឆ្នាំ១៩៦៧។ ក្នុងរយៈពេលជាង ៥០ ឆ្នាំកន្លងមកនេះ កម្ពុជា និងសាធារណរដ្ឋប៉ូឡូញ បានរក្សាទំនងទំនងល្អ ទាំងផ្នែកការទូត អប់រំ សង្គម-សេដ្ឋកិច្ច និង ពាណិជ្ជកម្ម។

ឆ្លៀតក្នុងឱកាសនេះ ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា បានសម្តែងនូវអំណរគុណ ដល់សាធារណរដ្ឋប៉ូឡូញ ដែលតែងតែផ្ដល់ជំនួយ និងការគាំទ្រ ដល់កម្ពុជា ក៏ដូចជាតំបន់អាស៊ានទាំងមូល ទាំងក្នុងក្របខណ្ឌ ទ្វេរភាគី និងពហុភាគី៕