(ភ្នំពេញ)៖ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌និងជាប្រធានអនុគណៈកម្មកា ចំពោះកិច្ចអនុវត្តផែនកា សកម្មភាពការងាររបស់ក្រុមការងារត្រួតពិនិត្យរួម នៃក្រុមប្រទេស អាស៉ីប៉ាស៉ីហ្វិកអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១ របស់អនុគណៈកម្មការចំពោះកិច្ចអនុវត្តផែនការ សកម្មភាពការងាររបស់ក្រុមការងារត្រួតពិនិត្យរួមនៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ ( អ.អ.ផ.)។

កិច្ចប្រជុំដែលបានធ្វើឡើងនៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ នៅសណ្ឋាគារសុខា គឺដើម្បីពិនិត្យ និងពិភាក្សាដោយផ្តោតជាសំខាន់ទៅលើរបាយការណ៍ស្តីពីសកម្មភាពការងារ និងបញ្ហាប្រឈមពាក់ព័ន្ធនឹងការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ក៏ដូចជាលើកទិសដៅការងារ និងការរៀបចំយន្តការការងារ ដើម្បីឆ្លើយតបទៅនឹងផែនការសកម្មភាពការងារដែលត្រូវបានដាក់ចេញដោយក្រុមការងារត្រួតពិនិត្យរួមនៃក្រុមអាស៉ីប៉ាស៉ីហ្វិកអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ (ICRC-JG)។ កិច្ចប្រជុំនេះ មានការចូលរួមពីអនុប្រធាន និងសមាជិកនៃ អ.អ.ផ. ដែលសុទ្ធតែជាឥស្សរជនជាន់ខ្ពស់មកពីក្រសួង-ស្ថាប័នពាក់ព័ន្ធនឹងការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។

ក្នុងឱកាសនៃកិច្ចប្រជុំនេះ, រដ្ឋមន្រ្តី កើត រិទ្ធ បានដាក់ចេញនូវផែនការ និងទិសដៅការងារមួយចំនួន ព្រមទាំងបានបែងចែកតួនាទី និងភារកិច្ចជូនអនុប្រធាន និងសមាជិកនៃ អ.អ.ផ. ក្នុងគោលដៅពង្រឹងការអនុវត្តផែនការសកម្មភាពការងារ ដែលត្រូវបានដាក់ចេញដោយ ICRC-JG សំដៅធានាឱ្យកម្ពុជាទទួលបានការវាយតម្លៃល្អក្នុងការអនុវត្តការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយ អាវុធមហាប្រល័យ តាមរយៈការវាយតម្លៃរបស់ ICRC-JG ដែលនឹងប្រព្រឹត្តទៅនៅក្នុងមហាសន្និបាតរបស់ក្រុមការងារ ហិរញ្ញវត្ថុ ( Financial Action Task Force - FATF) នាខែកុម្ភៈខាងមុខនេះ។

ជាមួយគ្នានេះ លោកក៏បានណែនាំឱ្យសមាជិក ខិតខំបំពេញការងារប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ដើម្បីបុព្វហេតុជាតិ និងមាតុភូមិ ក៏ដូចជា ពង្រឹងកិច្ចសហការប្រតិបត្តិការរវាងគ្នានិងគ្នាឱ្យកាន់តែល្អបន្តទៀត។

សូមបញ្ជាក់ផងដែរថា អ.អ.ផ. ត្រូវបានបង្កើតឡើងនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ របស់គណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។

អ.អ.ផ. មានតួនាទី និងភារកិច្ចចម្បងៗ ក្នុងការតាមដាន ត្រួតពិនិត្យការអនុវត្តផែនការសកម្មភាពការងាររបស់ ICRC-JG រហូតដល់ប្រទេសកម្ពុជាត្រូវបានដកចេញ ពីបញ្ជីប្រផេះ, សិក្សាស្រាវជ្រាវលើប្រភពបញ្ហាដែលបង្កការរាំងស្ទះ និងយឺតយ៉ាវដល់ការអនុវត្តផែនការសកម្មភាពនេះ, រៀបចំប្រតិបត្តិការស្តង់ដា សម្រាប់មន្រ្តីអនុវត្តច្បាប់ពាក់ព័ន្ធនឹងការងារសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ព្រមទាំងដឹកនាំនិងត្រួតពិនិត្យការអនុវត្តរបស់ក្រសួង-ស្ថាប័ន ដែលទទួលខុសត្រូវក្នុងការចូលរួមអនុវត្តច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងទៀត៕