(ស្វាយរៀង)៖ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ ក្នុងនាមលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង, លោក លី ធុជ សមាជិក គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត បានអញ្ជើញជាអធិបតី និងដឹកនាំអង្គសន្និបាត។

កិច្ចប្រជុំនេះ បានធ្វើឡើងនៅពេលព្រឹក គឺសន្និបាតគណបក្សសង្កាត់បាវិត និងសន្និបាតគណបក្សសង្កាត់បាទី ក្រុងបាវិត ដើម្បីបូកសរុបលទ្ធផលនៃការអនុវត្តគោលនយោបាយរបស់គណបក្សសង្កាត់អាណត្តិទី៤ ២០១៧-២០២២ និងកំណត់គោលនយោបាយសម្រាប់អភិវឌ្ឍន៍សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២-២០២៧។

លោកប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសម្រេចបានរបស់ក្រុមប្រឹក្សាសង្កាត់ នៃគណបក្សប្រជាជនកម្ពុជាអាណត្តិទី៤ ដែលបានសហការគ្នាល្អ និងខិតខំយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តកម្មវិធីនយោបាយរបស់គណបក្សក្នុងការអភិវឌ្ឍសង្កាត់ ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលជាអាទិភាព ព្រមទាំងបន្តថែរក្សានូវសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន។

ក្នុងនាមលោកស្រីកិត្តិសង្គហបណ្ឌិត, លោក លី ធុជ បានអបអរសាទរដល់បេក្ខជនទាំងអស់ដែលត្រូវបានជ្រើសរើសជាផ្លូវការ សម្រាប់ចូលរួមឈរឈ្មោះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥ ព្រមទាំងបានធ្វើការណែនាំនូវគោលការណ៍៦ចំណុច ដូចខាងក្រោម៖

*ទី១៖ បន្តយកចិត្តទុកដាក់លើការអភិវឌ្ឍមូលដ្ឋានជាធំ និងត្រូវយកចិត្តទុកដាក់អ្នកវិនិយោគ កម្មករ-កម្មការិនី មិនត្រូវបង្កបញ្ហាដល់អ្នកវិនិយោគដែលមានរកស៊ី និងបង្កើតការងារជូនប្រជាពលរដ្ឋយើងឡើយ
*ទី២៖ ត្រូវចេះដាក់ខ្លួន បំរើប្រជាជន និងប្រទេសជាតិ តាមគោលការណ៍របស់គណបក្សប្រជាជនកម្ពុជា (យកប្រយោជន៍ជាតិជាធំ)
*ទី៣៖ ត្រូវមានអ្នកប្រចាំការ និងរៀបចំសម្អាតទីស្នាក់ការគណបក្សឲ្យបានល្អ និងសមរម្យជាបក្សកាន់អំណាច
*ទី៤៖ ធានាឲ្យបាននូវសាមគ្គីភាពផ្ទៃក្នុង
*ទី៥៖ ត្រូវមានស្មារតីទទួលខុសត្រូវចំពោះប្រទេសជាតិ គណបក្ស និងប្រជាពលរដ្ឋ
*ទី៦៖ ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងមិនត្រូវធ្វើឲ្យប្រជាជនមិនសប្បាយចិត្តឡើយ៕