(ភ្នំពេញ)៖ នៅថ្ងៃសៅរ៍ ទី២៩ ខែមករា ឆ្នាំ២០២២ ក្រុមការងារគណបក្សចុះជួយខណ្ឌជ្រោយចង្វារ បានប្រារព្ធពិធីប្រកាសកែសម្រួល និងបំពេញបន្ថែមសមាសភាពក្រុមកាងារចុះជួយភូមិទាំង៨ នៃសង្កាត់បាក់ខែង និងសង្កាត់កោះដាច់។

ពិធីនេះ បានធ្វើឡើងក្រោមអធិបតីភាពលោក ឃ្លាំង ហួត, លោក ឡោក ឆាយ និងលោកស្រី មុំ ក្រសាល ដែលមានសមាជិក-សមាជិកា​ចូលរួមសរុបប្រមាណ៣០០នាក់។ ក្នុងឱកាសនោះលោក ឃ្លាំង ហួត ប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌជ្រោយចង្វារ បានឧបត្ថម្ភថវិកាក្នុងមួយភូមិចំនួន ២លានរៀល សម្រាប់ប្រើប្រាស់ក្នុងការចុះពង្រឹងការងាររដ្ឋបាលឆ្ពោះទៅរកការបោះឆ្នោតនាពេលខាងមុខ។

នៅក្នុងឱកាសនោះ លោក ឃ្លាំង ហួត សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះប្រសាសន៍ដឹកនាំផ្តាំផ្ញើដ៏ល្អៗ និងមានសារៈសំខាន់ សម្រាប់សមាជិកសមាជិកាយកទៅអនុវត្តឈានឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងដណ្តើមយកប្រៀបឈ្នះជោគជ័យយ៉ាងត្រចះត្រចង់ជូនគណបក្សប្រជាជនកម្ពុជា។

សូមបញ្ជាក់ថា សម្រាប់សង្កាត់បាក់ខែង រួមមាន៖ ភូមិបាក់ខែងលើ, ភូមិក្តីចាស់ និងភូមិចំបក់មាស។

*សង្កាត់កោះដាច់ រួមមាន៖ ភូមិរនះ, ភូមិក្បាលកោះ, ភូមិកោះដាច់, ភូមិល្វា និងភូមិចុងកោះ៕