(ភ្នំពេញ)៖ កម្លាំងតាមបណ្ដាការិយាល័យជំនាញពាក់ព័ន្ធ នគរបាល កងរាជអាវុធហត្ថ និងប្រជាការពារជាច្រើននាក់ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២នេះ បានបន្តបើកប្រតិបត្តិការ ចុះត្រួតពិនិត្យលើការពង្រឹងរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ទាំងការរក្សាការពារសន្តិសុខ និងសុវត្ថិភាពផ្សេងៗ មុនការបង្ហាញវត្តមានរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសអញ្ជើញប្រកាសបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មីបន្ថែមមួយទៀត ស្ថិតនៅផ្លូវជាតិលេខ៥ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ។

សកម្មភាពនេះដឹកនាំដោយលោក ប្រាជ្ញ សីហា និងលោក លីន ញ៉ក់ អភិបាលរងខណ្ឌឬស្សីកែវ រួមដំណើរដោយលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌ តំណាងលោក ឯក ឃុនដឿន អភិបាលខណ្ឌ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត សរុប៨១នាក់ ក្រោយពីមានសេចក្ដីជូនដំណឹងពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

ក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ថា ដើម្បីបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្នផងដែរ «ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងមានរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការផ្អាកចរាចរ ជាបណ្ដោះអាសន្ននៅជុំវិញទីតាំងប្រារព្ធពិធី ហើយយានយន្តគ្រប់ប្រភេទដែលចរាចរតាមផ្លូវជាតិលេខ៥ ចូលរាជធានីភ្នំពេញ ត្រូវបង្វែរទិសចរាចរតាមស្ពានព្រែកព្នៅ ឬតាមផ្លូវលេខ៥៩៨ ចំពោះយានយន្តចេញពី រាជធានីភ្នំពេញត្រូវបញ្ចៀសចរាចរឡើងស្ពានមិត្តភាពកម្ពុជា-ជប៉ុន ហើយយានយន្តដែលធ្វើដំណើរឆ្លងកាត់ ស្ពានដែកបេឡេត្រូវបង្វែរសតាមផ្លូវជាតិលេខ៦ ឬមហាវិថីអូស៊ីអាយស៊ីឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិនវិញ»។

ចំពោះការបញ្ចៀសចរាចរណ៍នេះ រដ្ឋបាលរាជធានីភ្នំពេញក៏អំពាវនាវដល់ ប្រជាពលរដ្ឋជាម្ចាស់យានយន្តគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់តាមដងផ្លូវខាងលើមេត្តាជ្រាប យោគយល់ អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់ តាមទីតាំងខាងលើដោយអនុគ្រោះ។ ផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឱ្យចរាចរជាធម្មតាវិញ៕