(ភ្នំពេញ)៖ លោក ជុំ បាយ័នវិបុល ប្រធានក្រុមប្រឹក្សាខណ្ឌឬស្សីកែវ និងលោក ឯក ឃុនដឿន អភិបាលខណ្ឌ ក្រោមការចូលរួមពីលោក-លោកស្រី អភិបាលរងខណ្ឌ និងមន្ត្រីជាសមាជិកពាក់ព័ន្ធមួយចំនួនទៀត បានពិនិត្យ និងអនុម័តលើសេចក្តីព្រាងដីកា ស្តីពីការលើកលែងការបង់តម្លៃសេវាបញ្ជាក់វិញ្ញាបនបត្របណ្តោះអាសន្ន មធ្យមសិក្សាបឋមភូមិ មធ្យមសិក្សាទុតិយភូមិ និងវិញ្ញាបនបត្របញ្ជាក់ការសិក្សាថ្នាក់ទី១២ សម្រាប់ឆ្នាំ២០២១។

តាមរយៈ Facebook ផ្លូវការរបស់រដ្ឋបាលខណ្ឌឫស្សីកែវ ដែលអ្នកយកព័ត៌មានអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ បានបញ្ជាក់យ៉ាងដូច្នេះថា ក្រុមប្រឹក្សាខណ្ឌប្ញស្សីកែវ អាណត្តិទី៣ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣២ របស់ខ្លួន និងតាមប្រព័ន្ធវីឌីអូអនឡាញ ZOOM MEETING ក្រោមអធិបតីភាព លោក ជុំ បាយ័នវិបុល ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោក ឯក ឃុនដឿន អភិបាលខណ្ឌ ស្ថិតនៅសាលប្រជុំ B សាលាខណ្ឌ នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២។

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីលោក ធុយ សុខន និងលោកស្រី ចាន់ នីឡា សមាជិក សមាជិកាក្រុមប្រឹក្សារាជធានីភ្នំពេញ, លោក-លោកស្រី សមាជិក សមាជិកា ក្រុមប្រឹក្សាខណ្ឌ ព្រមទាំងមានការអញ្ជើញ ចូលរួមពីលោក-លោកស្រី អភិបាលរងខណ្ឌ, នាយក-នាយករងរដ្ឋបាលខណ្ឌ, លោកអធិការនគរបាលខណ្ឌ, លោកមេបញ្ជាការរងកងរាជអាវុធខណ្ឌ, លោកតំណាងយោធភូមិភាគពិសេសប្រចាំខណ្ឌ, លោកប្រធាន-អនុប្រធានតាម បណ្ដាការិយាល័យរដ្ឋបាលខណ្ឌទាំង១១, លោកតំណាងអគ្គិសនីកម្ពុជា, លោកប្រធានការិយាល័យគយ និងរដ្ឋាករខណ្ឌ, ក្រុមលេខាធិការ, លោក-លោកស្រីប្រធានក្រុមប្រឹក្សាសង្កាត់ ទាំង០៧ និងអនុប្រធានសណ្ដាប់ធ្នាប់ខណ្ឌ សរុបចំនួន៥៦នាក់។

ក្នុងកិច្ចប្រជុំនេះផ្តោតលើរបៀបវារៈចំនួន០៥ ដែលមានដូចខាងក្រោម៖

១-ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៣១ (កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១) របស់ក្រុមប្រឹក្សាខណ្ឌប្ញស្សីកែវ អាណត្តិទី៣។
២-ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងរបាយការណ៍ ប្រចាំខែមករា ឆ្នាំ២០២២ របស់រដ្ឋបាលខណ្ឌ។
៣-ពិនិត្យ និងអនុម័តលើសេចក្ដីព្រាង តារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ជូនមន្ត្រីរាជការប្រចាំខែមករា ឆ្នាំ២០២២ របស់រដ្ឋបាលខណ្ឌ។
៤-ពិនិត្យ និងអនុម័តលើសេចក្តីព្រាង ដីកាស្តីពី ការលើកលែងការបង់តម្លៃសេវា លើការបញ្ជាក់វិញ្ញាបនបត្របណ្តោះអាសន្ន មធ្យមសិក្សាបឋមភូមិ មធ្យមសិក្សាទុតិយភូមិ និងវិញ្ញាបនបត្រ បញ្ជាក់ការសិក្សាថ្នាក់ទី១២ សម្រាប់ឆ្នាំ២០២១។
៥-បញ្ហាផ្សេងៗ។
កិច្ចប្រជុំនេះ បានបញ្ចប់ នៅវេលាម៉ោង១០ និង០០នាទីព្រឹក ប្រកបដោយបរិយាកាសរីករាយ និងស្និទស្នាលបំផុត៕