(សៀមរាប)៖ ឧត្តមសេនីយ៍ អ៊ុំ អមរា បានប្រាប់ឱ្យដឹងពីការដាក់តាំងសារប្រឆាំងគ្រឿងញៀននេះថា ជាការចូលរួមលើកកម្ពស់ការងារផ្សព្វផ្សាយអប់រំសាធារណពីគ្រោះថ្នាក់ នៃគ្រឿងញៀនជូនប្រជាពលរដ្ឋ ហេតុដូច្នេះហើយ ផែនប្រឆាំងគ្រឿងញៀន បានរៀបចំចងបដាពាក្យស្លោក ដើម្បីផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋដែលមកទស្សនាខេត្តសៀមរាប ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន-វៀតណាម នាពេលខាងមុខនេះ។

ឧត្ដមសេនីយ៍ អ៊ុំ អមរា ស្នងការរងទទួលបន្ទុកផែនប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្តសៀមរាប បានជម្រាបបន្តថា ដោយសារប្រទេសជាតិមានសុខសន្តិភាព និងស្ថានភាពជំងឺកូវីដ១៩ បានធូរស្រាលតាមរយៈយុទ្ធសាស្រ្ត ប្រកបដោយការទទួលខុសត្រូវរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ពិសេសការចាក់ស្រោចវ៉ាក់សាំងជូនប្រជាពលរដ្ឋទូទាំងប្រទេស។

ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិនខាងមុខ ខេត្តសៀមរាប រំពឹងថា មានប្រជាពលរដ្ឋមកទស្សនាច្រើន ហើយនឹងបានឃើញសារពញ្ញាក់ស្មារតីដាស់តឿន និងចូលរួមផ្សព្វផ្សាយបន្តពីគ្រោះថ្នាក់នៃគ្រឿងញៀន ដល់សមាជិកក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់របស់ពួកគាត់។

ឧត្តមសេនីយ៍ទោ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្មអប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានប្រាប់ឱ្យដឹងថា សារប្រឆាំងគ្រឿងញៀននឹងដាក់តាំងគ្រប់រាជធានី-ខេត្ត ទូទាំងប្រទេស ដើម្បីប្រជាពលរដ្ឋបានឃើញ និងចូលរួមក្នុងសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន៕