(ភ្នំពេញ)៖ សម្តេចព្រះមហាសង្ឃរាជ ទេព វង្ស ផ្តល់នូវគោរមងារជា «សិរីចរណវិសិទ្ធិអគ្គមហាឧបាសិកាពុទ្ធសននូបត្ថម្ភក» ដល់លោកស្រីមហាឧបាសិកា ហាក់ ជូ។ នេះបើយោងតាមប្រកាសនីយប័ត្ររបស់គណៈសង្ឃពុទ្ធសាសនាកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២នេះ។

ការណ៍ដែលលោកស្រីមហាឧបាសិកា ហាក់ ជូ ទទួលបានគោរមងារ «សិរីចរណវិសិទ្ធិអគ្គមហាឧបាសិកាពុទ្ធសននូបត្ថម្ភក» ពីសម្តេចព្រះសង្ឃនាយក គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ដោយសារតែលោកស្រីបានបរិច្ឆាគនូវកម្លាំងកាយចិត្ត និងទ្រព្យធន ប្រកបដោយសទ្ធាជ្រះថ្លាបូជាចំពោះសង្គមជាតិ និងបានជួយកសាងសមិទ្ធផលនានា ជួយឧបត្ថម្ភដល់ជនក្រីក្រគ្មានទីពឹងទាំងឡាយ ប្រកបដោយសប្បុរសធម៌ មនុស្សធម៌នៅទូទាំងប្រទេសកម្ពុជា ជាពិសេសលោកស្រីមហាឧបាសិកាបានប្រកាន់ខ្ជាប់នូវសេចក្តីស្អាត វិសេសហ្មត់ហ្មង ឥតមន្ទិល សេចក្តីបរិសុទ្ធចំពោះព្រះធម៌ បូជាចំពោះព្រះពុទ្ធសាសនា។

ជាមួយគ្នានោះ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងភរិយា ម៉េង វ៉ាន់ដានីន ក៏បានអបអរសាទរចំពោះលោកស្រីមហាឧបាសិកា ដែលបានទទួលគោរមងារ «សិរីចរណវិសិទ្ធិអគ្គមហាឧបាសិកាពុទ្ធសននូបត្ថម្ភក» នេះផងដែរ៕