(ភ្នំពេញ)៖ មានវ័យ៧៣ឆ្នាំទៅហើយ ដូនចាស់ដ៏កម្សត់ម្នាក់នៅតែអាចដើររើសអេតចាយចិញ្ចឹមជីវិតជាង៣០ឆ្នាំ រៀងរាល់ថ្ងៃនេះ លោកយាយត្រូវបម្លាស់ទីដើររើសអេតចាយគ្រប់ទីកន្លែង តាំងពីព្រឹកព្រលឹមរហូតដល់ព្រលប់ទើបត្រឡប់មកដល់ផ្ទះវិញ ឃើញហើយគួរឱ្យអាណិតអាសូរពន់ពេក។

ដូនចាស់រូបនេះមានឈ្មោះថា សន តេង ទោះបីមានវ័យជរាបែបនេះ តែលោកយាយនៅតែខំប្រឹងរកប្រាក់ ពីព្រោះតែពុំចង់ពឹងទៅលើកូនៗដែលមានជីវភាពក្រីក្រខ្លាំងស្រាប់ហើយនោះទេ រៀងរាល់ថ្ងៃនេះរបបរើសអេតចាយអាចរកប្រាក់ចំណូលបាន២ម៉ឺនរៀលក្នុងរយៈពេល២ថ្ងៃ ជាមួយភាពហត់នឿយលំបាករាល់ថ្ងៃ។

ដូនចាស់ សន តេង បានរៀបរាប់បន្តថា គាត់មិនមែនជាមនុស្សអនាថានោះទេ គឺលោកយាយមានកូនចំនួន៨នាក់ដែរ ប៉ុន្តែកូនៗទាំងអស់មានគ្រួសារ និងចាកចេញទៅរស់នៅកន្លែងផ្សេងៗគ្នាឆ្ងាយពីលោកយាយ តែពួកគេក៏មានជីវភាពខ្វះខាតណាស់ដែរ។

លោកយាយបានបន្តទៀតថា ជារៀងរាល់ថ្ងៃ លោកយាយបានចេញពីផ្ទះនៅវេលាព្រឹកព្រលឹមឆ្ពោះទៅកាន់តំបន់នានាពុំកំណត់គោលដៅនោះឡើយ នៅក្នុងរបររើសយកកាកសំណល់ផ្សេងៗទៅលក់ ដែលមានតម្លៃអាចលក់បាន ដូចជាសំបកដបទឹកសុទ្ធ សំបកកំប៉ុងភេសជ្ជៈ សំបកកំប៉ុងស្រាបៀរ ដែលគេបោះចោលតាមដងផ្លូវ និងទីកន្លែងផ្សេងៗលោកយាយរើសយកទាំងអស់។

លោកយាយបន្តថា ក្នុងមួយថ្ងៃ លោកយាយធ្វើដំណើរមិនតិចជាង១០គីឡូម៉ែត្រនោះទេ មិនថាពេលថ្ងៃក្ដៅ និងភ្លៀងនោះទេ លោកយាយត្រូវចេញទៅរកប្រាក់គ្រប់ពេល ទោះបីកម្លាំងចុះខ្សោយនិងមិនស្រួលខ្លួនយ៉ាងណាក្តីមិនអាចឈប់រក ដោយសារក្តៅភ្លៀងបានទេ។ បើមិនរកគ្មានអ្វីហូបឡើយ ជួនកាលថ្ងៃខ្លះរើសបានច្រើន និងជួនកាលថ្ងៃខ្លះទៀតរើសបានតិច ថ្ងៃខ្លះខំប្រឹងរហូតអត់បានហូបបាយថ្ងៃត្រង់ទៀតក៏មាន។

លោកយាយបានឲ្យដឹងបន្តថា ស្វាមីលោកយាយបានស្លាប់នៅក្នុងឆ្នាំ២០០៤ ទុកឱ្យលោកយាយរស់នៅលំបាកក្នុងជីវិតចុងក្រោយម្នាក់ឯង គាត់មិនចង់លើកដៃដើរសុំទានគេនោះទេ ប៉ុន្តែមិនដឹងថាកម្លាំងកាយនឹងអាចរត់រួចដល់វ័យប៉ុនណាទេ ដរាបណានៅតែដើរបាន។ លោកយាយអះអាងថា លោកយាយនៅតែស្ពាយថង់រើសអេតចាយចិញ្ចឹមជីវិត លុះថ្ងៃលាចាកលោកទៅតែម្តង។

ដូច្នេះប្រសិនបើទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក អ្នកនាង អ្នកមុខអ្នកការ ឬលោកអ្នកមានចិត្តសប្បុរសបានឃើញនូវការរៀបរាប់ និងការអំពាវនាវនេះហើយ សូមលោកមេត្តាផ្ដល់ក្ដីសណ្ដោសជួយយកអាសាដល់លោកយាយ សន តេង ដ៏កម្សត់រូបនេះផង៕