(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា តាមប្រព័ន្ធវីដេអូដែលមានរយៈពេលពីរថ្ងៃ ស្តីពី «កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)» នៅថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២២ នៅទីស្ដីការក្រសួង ដោយមានការចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំក្រសួង និងអញ្ជើញចូលរួមតាមប្រព័ន្ធវីដេអូដោយប្រធានបេសកកម្មការទូត/ការិយាល័យកុងស៊ុលរបស់កម្ពុជានៅក្រៅប្រទេស ព្រមទាំងមន្ត្រីជាន់ខ្ពស់របស់ក្រសួង។

សិក្ខាសាលា ដែលរៀបចំដោយក្រុមការទូតសេដ្ឋកិច្ចរបស់ក្រសួង ក្រោមការណែនាំរបស់ លោកឧបនាយករដ្ឋមន្ត្រី មានគោលបំណងដើម្បីគាំទ្រដល់ការទាញយកអត្ថប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀង RCEP តាមរយៈការពង្រឹងចំណេះដឹង និងការយល់ដឹងអំពីកិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំ មន្ត្រី និងមន្រ្ដីការទូតក្រសួង។

ឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ ចំពោះក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានចូលរួមក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មជាប្រវត្តិសាស្ត្រនេះ និងបានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងនេះបានបញ្ជាក់យ៉ាងច្បាស់អំពីការវិលត្រឡប់មកវិញនៃពហុភាគីនិយម។ លោកបានគូសបញ្ជាក់បន្ថែមទៀតថា ការចូលជាធរមានរបស់កិច្ចព្រមព្រៀង RCEP បានបង្ហាញពីការប្តេជ្ញាចិត្តរួមរបស់អាស៊ី-ប៉ាស៊ីហ្វិក ចំពោះវិបុលភាពរួម ការរស់នៅជាមួយគ្នាដោយសន្ដិសហវិជ្ជមាន និងការស្តារឡើងវិញគ្រប់ជ្រុងជ្រោយក្រោយពីវិបត្តិនៃជំងឺរាតត្បាត ដោយផ្អែកលើពាណិជ្ជកម្មសេរី និងច្បាប់ជាគោល។

លោកឧបនាយករដ្ឋមន្ត្រី បានបញ្ចប់សុន្ទរកថា ដោយគូសបញ្ជាក់ពីតួនាទីសំខាន់ៗរបស់បេសកកម្មកម្ពុជានៅក្រៅប្រទេស ក្នុងការបង្កើន និងគាំទ្រដល់ការអនុវត្តប្រកបដោយជោគជ័យនូវច្បាប់វិនិយោគថ្មីរបស់កម្ពុជា កិច្ចព្រមព្រៀង RCEP កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដើម្បីសម្រួលដល់ការផ្សព្វផ្សាយ និងពិពិធកម្មពាណិជ្ជកម្ម ទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) និងលើកកម្ពស់សក្តានុពលសេដ្ឋកិច្ចជាតិ។

លោកបណ្ឌិត សុក ស៊ីផាន់ណា ទីប្រឹក្សាជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជាវាគ្មិនកិត្តិយស បានចែករំលែកជូនសិក្ខាសាលាអំពីចំណេះដឹង ស្ដីពីកិច្ចព្រមព្រៀង RCEP និងបទពិសោធន៍ដ៏ជ្រាលជ្រៅរបស់ឯកឧត្តមនៅក្នុងវិស័យពាណិជ្ជកម្ម។

កិច្ចព្រមព្រៀង RCEP បានចាប់ផ្តើមការចរចាជុំដំបូងរបស់ខ្លួននៅក្នុងឆ្នាំ ២០១២ ក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជា។ កិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតំបន់នេះ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២០ ដោយប្រទេសជាសមាជិកអាស៊ានទាំង១០ និងប្រទេសជាដៃគូសន្ទនាអាស៊ានចំនួន៥ រួមមានប្រទេសចិន ជប៉ុន សាធារណរដ្ឋកូរ៉េ អូស្ត្រាលី និងនូវែលសេឡង់ ដែលធ្វើឱ្យកិច្ចព្រមព្រៀងនេះក្លាយជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំបំផុតរបស់ពិភពលោក។ RCEP គ្របដណ្តប់ប្រមាណ (១) ២,២ ពាន់លាននាក់ ឬ ៣០% នៃចំនួនប្រជាជនពិភពលោក (២) ២៦,៦ ទ្រីលានដុល្លារអាមេរិក ឬ ៣០% នៃផលិតផលក្នុងស្រុកសរុបសកល (GDP) និង (៣) ១២,៧ ទ្រីលានដុល្លារអាមេរិក ឬ ២៨% នៃពាណិជ្ជកម្មសកល៕