(ភ្នំពេញ)៖ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២នេះ បណ្ណាល័យសម្តេចម៉ែ បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចសិក្សារបស់គណប្រតិភូ នៃកងពលតូចថ្មើជើងលេខ៤១ ដែលមានមូលដ្ឋាននៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដើម្បីស្វែងយល់ និងដកស្រង់បទពិសោធន៍ដោយផ្ទាល់ ស្តីពីការរៀបចំ និងចងក្រងឯកសារស្តីពីប្រវត្តិសាស្ត្រកម្ពុជា ប្រជាធិបតេយ្យ និងបណ្តាឯកសារសិក្សាស្រាវជ្រាវដទៃទៀត។

ក្នុងនាមជាអ្នកតំណាងរបស់ លោកឧត្តមសេនីយ៍ នាង ឃីម មេបញ្ជាការកងពលតូចថ្មើជើងលេខ៤១, លោកវរសេនីយ៍ឯក ឯម វាសនា បានពិនិត្យមើលពីការដាក់តាំងបង្ហាញសៀវភៅ និងឯកសារ ព្រមទាំងការរក្សាទុកឯកសារនៅក្នុងប្រព័ន្ធអេឡេត្រូនិច ដែលជួយសម្រួលដល់ការសិក្សាស្រាវជ្រាវរបស់សិស្ស និស្សិត និងសារធាណជនជាតិអន្តរជាតិ។

លោកវរសេនីយ៍ឯក បានថ្លែងកោតសរសើរ និងស្នើកិច្ចសហការពីលោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ដើម្បីរៀបចំបណ្ណាល័យរបស់កងពលតូចថ្មើជើងលេខ៤១ ដើម្បីបម្រើដល់ការសិក្សារៀនសូត្ររបស់សិស្ស និស្សិត សាធារណជនទូទៅ និងកងទ័ព។ បណ្ណាល័យកងពលតូចថ្មើជើងលេខ៤១នេះ ក៏អាចចូលរួមចំណែកដល់ការយល់ដឹងបន្ថែមអំពីប្រវត្តិសាស្ត្រយោធាដែរ។

លោកថា «ប្រវតិ្តសាស្ត្រយោធា ត្រូវបានពិពណ៌នាថា គឺជាការសិក្សាស្រាវជ្រាវអំពីសង្គ្រាម និងការវិភាគអំពីជ័យជំនះ និងបរាជ័យ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រវត្តិសាស្ត្រយោធា រួមបញ្ចូលនូវធាតុផ្សំជាច្រើនដទៃទៀតលើសពីនេះ។ ប្រវត្តិសាស្ត្រយោធាក្តោបនូវប្រធានបទជាច្រើន ដែលរួមមានវឌ្ឍនភាព និងបរាជ័យនៃរបបនីមួយៗ រហូតដល់ការវិវត្តរបស់ប្រទេសជាតិនានា ព្រមទាំងសកម្មភាពដែលមនុស្សជាតិ សាងកំហុសដដែលៗ ឬបានរៀនសូត្រពីកំហុសរបស់ខ្លួន។ ប្រវត្តិសាស្ត្រកម្ពុជា ពោរពេញទៅដោយមេរៀនឥតមានពីរសម្រាប់ប្រទេសរបស់ខ្លួន តំបន់ និងពិភពលោក»

បន្ទាប់ពីដំណើរទស្សនកិច្ចនេះ លោកនាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលបញ្ជាក់ពីកិច្ចសហការរៀបចំបណ្ណាល័យ កងពលតូចថ្មើជើងលេខ៤១ មជ្ឈមណ្ឌលឯកសារកម្ពុជាបានផ្តល់ជូនដល់ប្រតិភូនូវសៀវភៅ ចំនួន៥ពាន់ក្បាល និងទូរដាក់សៀវភៅមួយចំនួនទៀតផង៕