(ព្រះវិហារ)៖ បង្គន់អនាម័យជាច្រើនគ្រឿង ក្រោមជំនួយឧបត្ថម្ភពីអង្គការទស្សនៈពិភពលោក ត្រូវបាននាំយកទៅចែកជូនប្រជាពលរដ្ឋចំនួន១២០គ្រួសារ រស់នៅភូមិម៉ឺនរាជ ឃុំខ្យង ស្រុកជ័យសែន ខេត្តព្រះវិហារ ក្រោមវត្តមានលោក រស់ ហេង អភិបាលស្រុកជ័យសែន និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២នេះ។

ក្នុងនាមអាជ្ញាធរស្រុកជ័យសែន ក៏ដូចជាក្នុងនាមប្រជាពលរដ្ឋស្រុកជ័យសែនទាំងមូល លោក រស់ ហេង បានថ្លែងនូវការអរគុណជាអនេកចំពោះអង្គការទស្សនៈពិភពលោក ដែលជានិច្ចកាលតែងតែបានចូលរួមក្នុងការកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋ។

លោកអភិបាលស្រុកថ្លែងទៀតថា ជាក់ស្តែងថ្ងៃនេះអង្គការទស្សនះពិភពលោក បានប្រគល់សម្ភារបង្គន់អនាម័យចំនួន១២០បង្គន់ជូនប្រជាពលរដ្ឋចំនួន១២០គ្រួសារ ដែលបង្គន់អនាម័យ១ឈុតមានតម្លៃ៣៦,០០០០រៀល បើគុណនឹង១២០គ្រួសារ ស្មើទឹកប្រាក់៤៣,២០០,០០០រៀល។

លោកក៏បានអរគុណដល់រដ្ឋបាលឃុំខ្យងដែលបានចូលរួមថវិកាបដិភាគចំនួន២,០០០,០០០រៀល ក៏ដូចជាប្រជាពលរដ្ឋចំនួន១២០គ្រួសារចូលរួមបដិភាគ ជាមួយគម្រោងដែលគាំទ្រដោយអង្គការទស្សនៈពិភពលោក។

លោក រស់ ហេង បានថ្លែងទៀតថា ការផ្តល់បង្គន់អនាម័យនេះគឺដើម្បីកាត់បន្ថយការរាតត្បាតជំងឺផ្សេងៗ ពិសេសគឺបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល និងត្រូវផ្លាស់ប្តូរទម្លាប់មកប្រើប្រាស់បង្គន់អនាម័យ ដើម្បីសុខភាពសហគមន៍របស់យើង។

លោកអភិបាលស្រុកក៏បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋត្រូវទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ឲ្យបានគ្រប់ៗគ្នា និងត្រូវបន្តអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល ៣កុំ និង៣ការពារ ដើម្បីការពារកុំឲ្យឆ្លងជំងឺកូវីដ-១៩៕