(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ បានដឹកនាំប្រធានមន្ទីរអង្គភាពជំវិញខេត្ត មន្ត្រីជំនាញពាក់ព័ន្ធ និងកងកម្លាំងទាំងបី ចុះដាំកូនឈើព្រៃលិចទឹកជិត៥ពាន់ដើម ដើម្បីស្តារឡើងវិញនៅតំបន់បីក្នុងភូមិសាស្ត្រឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ នៅចំណុចវាលបែកចាន។

កូនឈើដែលបានដាំនៅថ្ងៃនេះសរុបមានចំនួន៤,៨០៤ដើម ក្នុងនោះមាន៣ប្រភេទ គឺកូនរាំង កូនតាសែង និងកូនត្រស់ ដោយដាំលើផ្ទៃដីប្រមាណ៤៨ហិចតា នៅចំណុចវាលបែកចានខាងលើនោះ។

នាឱកាសនោះ លោក ងួន រតនៈ បានជំរុញឱ្យប្រជាពលរដ្ឋគ្រប់រូបត្រូវជួយថែរក្សាការពារព្រៃនៅតំបន់បី ពិសេសកូនឈើដែលបានដាំឡើងវិញឱ្យបានគង់វង្ស ដែលទុកជាប្រយោជន៍រួមជាការស្តារឡើងវិញនូវព្រៃដែលបានបាត់បង់កន្លងមកសម្រាប់យើងទាំងអស់គ្នាតទៅ។

លោកក៏បានរំលឹកដល់អាជ្ញាធរមូលដ្ឋានត្រូវសហការជាមួយកងកម្លាំងមានសមត្ថកិច្ចត្រូវបន្តជួយការពារព្រៃលិចទឹក និងកូនឈើដែលបានដាំរួចថ្មីៗឱ្យបានជាប់ជាប្រចាំ ក៏ដូចជាការពារការឆេះព្រៃនៅរដូវប្រាំង ព្រោះខ្លាចមានការបន្តបំផ្លាញពីសំណាក់ជនខិលខូច ឬជនឆ្លៀតឱកាសមួយចំនួន។

លោក ងួន រតនៈ បានសង្កត់ធ្ងន់ថា ព្រៃឈើមានតួនាទីសំខាន់ណាស់ក្នុងការជួយថែរក្សាដំណើរការប្រព័ន្ធអេកូឡូស៊ី និងជួយកាត់បន្ថយឥទ្ធិពលអវិជ្ជមាននៃការប្រែប្រួលអាកាសធាតុ ហើយដើមឈើនេះជាសម្បត្តិធម្មជាតិដ៏មានតម្លៃបំផុតជាអាយុជីវិតមនុស្ស សត្វដែលបានផ្តល់នូវពហុប្រយោជន៍ មិនអាចប៉ាន់ប្រមាណបានដល់មនុស្សជាតិ មានតម្លៃខាងសេដ្ឋកិច្ច និងសង្គមជាតិ ជាពិសេសជួយរក្សានូវលំនឹងបរិស្ថានធម្មជាតិ ធ្វើឲ្យធាតុអាកាសមានភាពកាន់តែល្អប្រសើរ។

លោកថា ការប្រែប្រួលអាកាសធាតុ នាំមកនូវមិនត្រឹមតែការប្រែប្រួលបរិស្ថានជុំវិញខ្លួនយើងទេ ប៉ុន្តែវាអាចបណ្តាលឲ្យប៉ះពាល់សុខភាពយើងដែរ តាមរយៈការកើនឡើងកម្ដៅ ខ្យល់មិនបរិសុទ្ធ ទឹកមិនស្អាត និងជាទីជម្រកសម្រាប់ត្រីពងកូននៅរដូវវស្សាជាដើម៕