(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្ដមសេនីយ៍ឯក ស ថេត ស្នងការរាជធានីភ្នំពេញ បានឧបត្ថម្ភថវិកាមួយចំនួនដល់មន្ត្រីនគរបាលប៉ុស្តិ៍ចោមចៅ១ចំនួន៣នាក់ ដែលកំពុងសម្រាកព្យាបាលនៅបន្ទប់ ពិគ្រោះនិងព្យាបាលមួយកន្លែង ក្រោយរងគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលបំពេញភារកិច្ចដេញចាប់ចោរឆក់បណ្តាលឲ្យរងរបួស។

ថវិកានេះរបស់ថ្នាក់ដឹកនាំទាំងពីរខាងលើ ត្រូវបាននាំទៅប្រគល់ជូនមន្ត្រីនគរបាលប៉ុស្តិ៍ចោមចៅទី១ទាំង៣នាក់នោះ តាមរយៈលោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ រួមជាមួយលោក ម៉ន វុធី អធិការខណ្ឌពោធិ៍សែនជ័យ នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ នៅកន្លែងសម្រាកព្យាបាលមួយកន្លែងស្ថិតភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

លោក សាយ ចំរើន នាយប៉ុស្តិ៍នគរបាលចោមចៅទី១ បានឲ្យដឹងថា មន្ត្រីនគរបាលដែលរងរបួសទាំង៣នាក់នោះ រួមមាន៖

* លោកអនុសេនីយ៍ឯក ផេង ចាន់ថុន នាយរងប៉ុស្តិ៍ បានរបួសជើងដេរចំនួន៨ថ្នេរ

* លោកអនុសេនីយ៍ឯក សោម ណារ៉ាន់ មន្ត្រីនគរបាលប៉ុស្ដិ៍ របួសរយះចង្កាធ្ងន់ធ្ងរដេរចំនួន១៤ថ្នេរ បាក់ធ្មេញអស់ចំនួន៤គ្រាប់

* លោកអនុសេនីយ៍ត្រី ប៉ែន ដារ៉ាហុងឡេង មន្ត្រីនគរបាលប៉ុស្ដិ៍ របួសត្រង់ជង្គង់ និងប្រអប់ដៃ។

នាយប៉ុស្តិ៍នគរបាលចោមចៅទី១ បានរៀបរាប់ពីហេតុការណ៍នៃការកើតមានគ្រោះថ្នាក់លើមន្ត្រីរបស់ខ្លួននោះថា កាលពីយប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ បានចេញល្បាតក្នុងមូលដ្ឋានតាមភូមិសាស្ត្រស្មុគស្មាញដូចសព្វដង ពេលកំពុងល្បាតតាមបណ្ដោយផ្លូវចោមចៅ-វេងស្រេង កម្លាំងប៉ុស្តិ៍នគរបាលចោមចៅទី១របស់លោកបានល្បាតដល់ចំណុចផ្លូវច្រកចូលភូមិគោកបញ្ជាន់ ក៏បានឮសូរប្រជាពលរដ្ឋស្រែកថា ចោរៗ!។

ភ្លាមនោះ កម្លាំងនគរបាលបានឃើញជនសង្ស័យចំនួន២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាប៊ីត ពណ៌ខៀវលាយស មិនចាំស្លាកលេខបានជិះរត់គេចយ៉ាងលឿន ហើយកម្លាំងនគរបាលបានជិះដេញពីក្រោយរហូតដល់ផ្លូវឧកញ៉ា ឌួង ងៀប ផ្លូវសេះស ក៏បានដួលម៉ូតូ ដោយមូលហេតុប្រជាពលរដ្ឋដែលជួយដេញចាប់ជនសង្ស័យបានបុកម៉ូតូកម្លាំងនគរបាលពីក្រោយ បណ្ដាលឱ្យដួលរងរបួសធ្ងន់ និងស្រាលតែម្តង។

ប្រភពដដែលបានបន្តទៀតថា ក្រោយពេលកើតហេតុនគរបាលទាំង៣រូប ត្រូវបានបញ្ជូនទៅសង្រ្គោះនៅគ្លីនិកឯកជនមួយដែលស្ថិតនៅជិតប៉ុស្តិ៍ចោមចៅទី១នោះ ហើយនៅវេលានៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២។ លោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះសួរសុខទុក្ខជនរងគ្រោះទាំង៣នាក់ ព្រមទាំងនាំយកថវិការបស់លោកឧត្ដមសេនីយ៍ឯក ស ថេត ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមនឹងថវិការបស់អធិការដ្ឋាននគរបាលខណ្ឌសរុបចំនួន ២,៤០០,០០០រៀល ឧបត្ថមដល់នគរបាលរងគ្រោះទាំង៣រូប។

ចំណែកលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានឧបត្ថម្ភដល់នគរបាលរងគ្រោះចំនួន ៣,០០០,០០០រៀល ហើយសាលាខណ្ឌពោធិ៍សែនជ័យក៏បានចូលរួមឧបត្ថម្ភថវិកាចំនួន ១,៨០០,០០០រៀលផងដែរ៕