(ភ្នំពេញ)៖ គ្រួសារឧកញ៉ាត្រកូល «ឡេង» បានចំណាយថវិកាចំនួន៤ម៉ឺនដុល្លារ ជូនដល់ស្រ្តីខ្មែរម្នាក់ ដែលជាអតីតពលករនៅប្រទេសកូរ៉េខាងត្បូង ហើយកំពុងធ្វើការសង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យ។ ការឧបត្ថម្ភថវិកាដ៏ច្រើនបែបនេះ បានធ្វើឲ្យក្រុមគ្រួសាររបស់ស្រ្តីរងគ្រោះ អាចបានដោះស្រាយបញ្ហាមួយចំនួនធំ សម្រាប់ថ្លៃព្យាបាលនៅមន្ទីរពេទ្យ និងជាការបង្ហាញពីទឹកចិត្តដ៏ប្រពៃរប ស់គ្រួសារត្រកូល «ឡេង» ផងដែរ ក្នុងនាមជាអតីតពលករខ្មែរនៅលើទឹកដី កូរ៉េខាងត្បូងកាលពីប្រមាណ១០ឆ្នាំមុន។

លោកឧកញ៉ា ឡេង ប្រុស បានឲ្យដឹងថា ទឹកប្រាក់ចំនួន៤ម៉ឺនដុល្លារ ត្រូវបានលោក ប្អូនប្រុស (អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងឧកញ៉ា ឡេង និយម) បានឧបត្ថម្ភជូនស្រ្តីរងគ្រោះ ដែលកាលនៅជាពលករធ្លាប់កំសត់កម្រជាមួយគ្នា។ លោកឧកញ៉ា ឡេង ប្រុស បានថ្លែងថា «អនុស្សាវរីយពលករកំសត់កម្រ។ យើងខ្ញុំបានឧបត្ថម្ភ40000$ (បួនម៉ឺនដុល្លារ)ដល់ក្រុមគ្រួសារពួកគាត់ដើម្បីជួយសម្រាល់បន្ទុកថ្លៃព្យាបាលខ្លះ។ ភរិយារបស់គាត់ បានស្វះស្វែងជួយខ្ញុំ កាលខ្ញុំឈឺនៅកូរ៉េដេកពេទ្យ១ខែ គាត់បានផ្ដល់ទាំងទឹកចិត្ត ទាំងថវិកា បកប្រែភាសាកំលាំងចិត្ត ម្ហូបអាហារ ទោះបីឃ្លាតឆ្ងាយគ្នាក្ដីតែក្ដីស្រលាញ់ជាបងជាប្អូននេះនៅដិតជាប់ក្នុងអារម្មណ៍ពួកយើង»

ស្វាមីរប ស់ស្រ្តីរងគ្រោះ បានថ្លែងអំណរគុណដល់បងប្អូនទាំងអស់ដែលបានខល និងផ្ញើសារមកសួរសុខទុក្ខអំពីស្ថានភាពសុខភាពភរិយារបស់លោក។ លោកថា បច្ចុប្បន្ននេះស្ថានភាពភរិយាលោក ក្រោយពេលវះកាត់នៅបន្ទប់ ICU អស់ជាង២ម៉ោងរួច គឺបានប្រសើរជាងមុន។

ជាមួយគ្នានេះ បុរសជាស្វាមី ពិតជាអរគុណខ្លាំងណាស់ចំពោះលោកឧកញ៉ា ឡេង ប្រុស, អ្នកឧកញ៉ា ឡេង ភ័ក្រត្រា (អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា) និង លោកឧកញ៉ា ឡេង និមល ដែលបានសួរសុខទុក្ខ និងមានសន្ដានចិត្តស្រលាញ់ រាប់អានចំពោះលោក និងក្រុមគ្រួសារ ហើយបានផ្ញើជាថវិកាសម្រាលលើការចំណាយថ្លៃពេទ្យចំនួន 40,000ដុល្លារ។

សូមបញ្ជាក់ថា គ្រួសារឧកញ៉ាត្រកូល «ឡេង» ត្រូវបានមហាជនទូទៅឱ្យរហស្សនាមថា «ឧកញ៉ាចិត្តធម៌ ឬឧកញ៉ាបេះដូងមនុស្សធម៌»។ ក្នុងត្រកូលគ្រួសារកសិករ បងប្អូនត្រកូល «ឡេង» ដែលមានស្រុកកំណើតក្នុងខេត្តព្រៃវែង មិនមានឱកាសបានសិក្សាច្រើននោះឡើយ ហើយបានរសាត់អណ្តែតដល់ប្រទេសកូរ៉េខាងត្បូង ដើម្បីបំពេញការងារជាពលករនៅប្រទេសនោះ ស្វះស្វែងរកថវិកាទ្រទ្រង់ជីវភាពខ្លួន និងគ្រួសារ។

ក្រោយពេលប្រឡូកជីវិតជាពលករច្រើនឆ្នាំនៅប្រទេសកូរ៉េខាងត្បូង បងប្អូនត្រកូល «ឡេង» បានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ហើយបានចាប់ផ្តើមក្នុងពិភពជំនួញលើវិស័យអចលនទ្រព្យ។ ជំនួញលើវិស័យអចលនទ្រព្យនាំឱ្យទទួលបានជោគជ័យជាខ្លាំង។

ជាមួយនឹងការមានឱកាសកសាងជីវភាពល្អប្រសើរ បងប្អូនត្រកូល «ឡេង» តែងបានធ្វើសកម្មភាពមនុស្សធម៌ជួយដល់ជនជួបការលំបាក ឬទីទ័លក្រ ហើយតែងតែចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយការលំបាកនានា របស់ជាតិ។ កាយវិការមនុស្សធម៌របស់បងប្អូនត្រកូល «ឡេង» ធ្វើឱ្យមានការកោតសរសើរ និងស្ញប់ស្ញែងជាខ្លាំងពីមជ្ឈដ្ឋានទូទៅនៅកម្ពុជា៕