(ភ្នំពេញ)៖ ក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ បានប្រកាសបើកយុទ្ធនាការ «កម្ពុជា៖ គោលដៅទេសចរណ៍សុវត្ថិភាព និងបៃតង» ដើម្បីផ្សព្វផ្សាយពីគោលដៅទេសចរណ៍សុវត្ថិភាពនៅកម្ពុជា បន្ទាប់រាជរដ្ឋាភិបាលបានប្រកាសបើកប្រទេសទទួលទេសចរណ៍ឡើងវិញ។

ការប្រកាសបើកយុទ្ធនាការនេះត្រូវបានធ្វើឡើងដោយផ្ទាល់នៅទីស្ដីការក្រសួងទេសចរណ៍ និងដោយប្រយោលតាមប្រព័ន្ធអនឡាញ ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ និងមានការចូលរួមពីតាមអនឡាញពីសំណាក់លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល និងឯកជន តំណាងលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល និងឯកជន លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុកលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល និងឯកជន តំណាងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ប្រធានអនុគណៈកម្មការគ្រប់គ្រងច្រកទ្វារចេញ-ចូលប្រទេស និងការធ្វើចត្តាឡីស័ក និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល និងឯកជន លោកវេជ្ជបណ្ឌិត សាន់ សាប់អ៉ី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាតំណាងរបស់លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩។

ដើម្បីឱ្យយុទ្ធនាការ «កម្ពុជា៖ គោលដៅទេសចរណ៍សុវត្ថិភាព និងបៃតង» ទទួលបានជោគជ័យ ផ្ដល់ផ្លែផ្កាដល់វិស័យទេសចរណ៍ជាតិ ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត លោករដ្ឋមន្ត្រី ថោង ខុន បានផ្តល់ការណែនាំមួយចំនួន ដូចតទៅ៖

* ចំណុចទី១៖ រួមគ្នាឱ្យយុទ្ធនាការ «កម្ពុជា៖ គោលដៅទេសចរណ៍សុវត្ថិភាព និងបៃតង» ក្លាយជាមធ្យោបាយផ្សព្វផ្សាយទេសចរណ៍កម្ពុជាក្រោយវិបត្តិជំងឺកូវីដ-១៩ដ៏មានប្រសិទ្ធភាព៖ ត្រង់ចំណុចនេះ លោករដ្ឋមន្ត្រី ថោង ខុន បានលើកឡើងថា ក្នុងដំណាក់កាលកូវីដ-១៩ ការធ្វើដំណើរកម្សាន្តរបស់ភ្ញៀវទេសចរមាននិន្នាការឆ្ពោះទៅរកការធ្វើដំណើរកម្សាន្តដែលគិតគូរពីសុខភាពផ្លូវកាយ និងផ្លូវចិត្តជាងមុន។ ជាក់ស្តែង យោងតាមក្រុមប្រឹក្សាភិបាលនៃការធ្វើដំណើរ និងទេសចរណ៍ពិភពលោក (WTTC) បន្ទាប់ពីវិបត្តិជំងឺឆ្លងកូវីដ-១៩ ភ្ញៀវទេសចរអន្តរជាតិបានយកកត្តាសុខភាពជាចម្បងក្នុងការធ្វើដំណើរកម្សាន្ត ដោយ៧៩%បានចាត់ទុកសុវត្ថិភាពសុខភាពសំខាន់ និង៤២%បានចាត់ទុកជាអាទិភាពសំខាន់បំផុត។ ដូចនេះ កត្តាសុវត្ថិភាព គឺជាកត្តាចម្បងក្នុងការទាក់ទាញទេសចរក្នុងការជ្រើសរើសគោលដៅទេសចរណ៍កម្សាន្ត ជាក់ស្ដែង ៧២.៨%នៃភ្ញៀវទេសចរអាស៊ី-ប៉ាស៊ីហ្វិកផ្តល់អាទិភាពលើភាពច្បាស់លាស់នៃវិធានការការពារសុវត្ថិភាពសុខភាពជាងថ្លៃនៃការធ្វើដំណើរប្រមាណ៣៦.៨% ហើយប្រមាណ៩១%ទៀតជ្រើសរើសការស្នាក់នៅដោយមើលលើកត្តាភាពស្អាត និងវិធានសុខាភិបាល រីឯតួនាទីរបស់រដ្ឋាភិបាលក្នុងការដាក់ឱ្យអនុវត្តវិធានសុវត្ថិភាព និងសុខាភិបាលដល់សម្បទាទេសចរណ៍ គឺជាគន្លឹះសំខាន់បំផុត (ប្រមាណ៧៩%) ដែលភ្ញៀវទេសចរយកចិត្តទុកដាក់ក្នុងការជ្រើសរើសគោលដៅទេសចរណ៍កម្សាន្ត។

* ចំណុចទី២៖ រួមគ្នាឱ្យយុទ្ធនាការ «កម្ពុជា៖ គោលដៅទេសចរណ៍សុវត្ថិភាព និងបៃតង» សម្រាប់គាំទ្ររបៀងទេសចរណ៍អាស៊ាន និងចលនាទេសចរណ៍ផ្ទៃក្នុងអាស៊ាន៖ ត្រង់ចំណុចនេះ លោក ថោង ខុន បានលើកឡើងថា គណៈកម្មាធិការអភិវឌ្ឍន៍ទេសចរណ៍រាជធានី-ខេត្ត និងរដ្ឋបាលរាជធានី-ខេត្តទាំងអស់ ត្រូវចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួន តាមសូចនាករសមិទ្ធកម្ម ស្តីពីការកំណត់ និងគ្រប់គ្រងតំបន់ឬគោលដៅទេសចរណ៍សុវត្ថិភាព ដែលមានចែងក្នុងផែនការយុទ្ធសាស្ត្រស្តីពីការបើកទទួលទេសចរណ៍វ៉ាក់សាំង និងត្រូវចូលរួមការប្រឡងប្រណាំងរដ្ឋបាលរាជធានី-ខេត្ត ដែលមានស្នាដៃឆ្នើមក្នុងយុទ្ធនាការ «កម្ពុជា៖ ជាគោលដៅទេសចរណ៍សុវត្ថិភាព និងបៃតង» ដើម្បីឱ្យខ្លួនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិមកកាន់កម្ពុជា ពិសេសចូលរួមក្នុងគំនិតផ្តួចផ្តើមបង្កើត «ច្រករបៀងនៃការធ្វើដំណើរ ក្នុងតំបន់អាស៊ាន (ASEAN Travel Corridor)» ដែលតភ្ជាប់គោលដៅទេសចរណ៍សុវត្ថិភាព និងកក់ក្តៅក្នុងតំបន់អាស៊ាន ដែលទទួលបានឡាបិល «Safe and Warm Travel Stamp» ដូចទៅតាមប្រសាសន៍ណែនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងពិធីបើកវេទិការទេសចរណ៍អាស៊ាន ឆ្នាំ២០២២ កាលពីពេលថ្មីៗនេះ។ ដូច្នេះការដាក់ចេញយុទ្ធនាការនេះគឺជាយុទ្ធសាស្រ្តមួយក្នុងការទាក់ទាញភ្ញៀវទេសចរមកគ្រប់ទិសទីក្នុងពិភពលោក ហើយពិសេសក្នុងក្របខណ្ឌតំបន់អាស៊ាន ដូចដែលបានលើកឡើងដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ថ្លែងថា៖ ក្នុងរយៈពេលខ្លី អាស៊ានក៏ត្រូវគិតគូរជំរុញទេសចរណ៍ផ្ទៃក្នុងអាស៊ានបន្ថែមទៀតស្របតាមទស្សនៈ «អាស៊ានដើម្បីអាស៊ាន (ASEAN for ASEAN)» ហើយខ្ញុំសូមគាំទ្រទាំងស្រុងនូវគំនិតផ្តួចផ្តើមបើកទេសចរណ៍ផ្ទៃក្នុងអាស៊ាន ក៏ដូចជាបើកតំបន់ទាំងមូល ដើម្បីទទួលស្វាគមន៍ទេសចរអន្តរជាតិឡើងវិញ [...]។

* ចំណុចទី៣៖ រួមគ្នាឱ្យយុទ្ធនាការ «កម្ពុជា៖ គោលដៅទេសចរណ៍សុវត្ថិភាព និងបៃតង» ដើម្បីពង្រឹងភាពធន់កាន់តែប្រសើរ (Resiliency) នៃវិស័យទេសចរណ៍កម្ពុជា៖ លោករដ្ឋមន្ត្រីបានបន្តលើកឡើងថា យុទ្ធនាការ «កម្ពុជា៖ គោលដៅទេសចរណ៍សុវត្ថិភាព និងបៃតង» ចាំបាច់ត្រូវផ្អែកលើអភិក្រមនៃការចូលរួម (Participatory Approach) ក្នុងនោះក្រៅពីការចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ផ្នែកឯកជន និងភ្ញៀវទេសចរក៏ត្រូវដើរតួនាទីដ៏មានសារៈសំខាន់។ ក្នុងន័យនេះ លោករដ្ឋមន្ត្រី ថោង ខុន ស្នើឱ្យវិស័យឯកជនក្នុងវិស័យទេសចរណ៍ទាំងអស់ត្រូវចូលរួមក្នុងការអនុវត្តវិធានសុវត្ថិភាព និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី សម្រាប់សេវាកម្មនីមួយៗ ដែលបានដាក់ចេញដោយក្រសួងទេសចរណ៍ និងក្រសួងពាក់ព័ន្ធ ដើម្បីពង្រឹងនូវភាពធន់ ហើយនឹងការត្រៀមលក្ខណៈសម្បត្តិក្នុងការទទួលទេសចរអន្តរជាតិ។
រីឯភ្ញៀវទេសចរត្រូវចូលរួមមកទស្សនាកម្ពុជា ត្រូវតែជាភ្ញៀវទេសចរវ៉ាក់សាំង និងត្រូវគោរពតាមច្បាប់និងបទប្បញ្ញាត្តិជាធរមាននៃព្រះរាជាណាចក្រកម្ពុជា ពិសេសក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា។ ឆ្លៀតក្នុងឱកាសនេះ លោកបានប្រកាសដាក់ឱ្យអនុវត្តនូវគោលការណ៍ណែនាំ «អ្វីគួរធ្វើ និងមិនគួរធ្វើសម្រាប់ភ្ញៀវទេសចរមកដល់កម្ពុជា» តាមគន្លងប្រក្រតីភាពថ្មី។

* ចំណុចទី៤៖ រួមគ្នាចូលរួមពង្រឹងយន្តការគាំទ្រដល់យុទ្ធនាការ «កម្ពុជា៖ គោលដៅទេសចរណ៍សុវត្ថិភាព និងបៃតង»៖ ត្រង់ចំណុចនេះ លោកបានស្នើឱ្យក្រុមការងារលេខាធិការដ្ឋាននៃក្រុមការងាររាជរដ្ឋាភិបាល និងឯកជនដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាបើកការបណ្តុះបណ្តាលជនបង្គោលតាមរាជធានីខេត្ត ទាំងកម្រិតអាជ្ញាធរមូលដ្ឋាន និងកម្រិតឯកជន។ លើសពីនេះ លោករដ្ឋមន្ត្រីបានស្នើឱ្យក្រុមការងារប្រតិបត្តិ ដើម្បីវាយតម្លៃ និងគ្រប់គ្រងគោលដៅទេសចរណ៍សុវត្ថិភាពរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ត្រូវបន្តតាមដាន វាយតម្លៃ និងត្រួតពិនិត្យការអនុវត្តវិធានសុវត្ថិភាព និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) របស់អាជីវកម្មទេសចរណ៍ឱ្យបានត្រឹមត្រូវ ក៏ដូចជាស្ថានភាពជំងឺកូវីដ-១៩នៅតំបន់របស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន។ ទន្ទឹមនេះ លោករដ្ឋមន្ត្រីបានស្នើឱ្យទីតាំងដែលមានឧបនិស្ស័យទេសចរណ៍ទាំងអស់ត្រូវប្រតិបត្តិស្របតាមនីតិវិធីប្រតិបត្តិស្តង់ដា (SOP) ជាអាទិ៍ ផ្សារ រោងភាពយន្ត សារមន្ទីរ វត្តអារាម ទីតាំងសាសនា ចំណតរថយន្តក្រុង និងព្រលានយន្ត..។ល។ ដូច្នេះ លោកបានប្រកាសដាក់ឱ្យអនុវត្ត៖ ទី១. នីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ផ្សារទំនើប, ទី២. នីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ផ្សារទំនើបខ្នាតតូច, ទី៣. នីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ផ្សារសាធារណៈ និងទី៤. នីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ផ្សារមិនរៀបរយ។ លើសពីនេះទៀត លោកបានស្នើការសហការជាមួយក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានី-ខេត្ត សមាគមទេសចរណ៍ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ រៀបចំវគ្គបណ្តុះបណ្តាលជនបង្គោល និងអ្នកវាយតម្លៃទៅដល់ផ្សារនីមួយៗក្នុងរាជធានី-ខេត្តទាំងអស់ ទាំងផ្សាររដ្ឋ និងផ្សារឯកជន។
ដើម្បីគាំទ្រយុទ្ធនាការនេះឱ្យបានជោគជ័យ លោក ថោង ខុន ក៏បានស្នើឱ្យបន្តជំរុញយុទ្ធនាការគាំទ្រនានា ជាអាទិ៍ ចលនាប្រឡងប្រណាំងទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ ចលនាប្រឡងប្រណាំងទីក្រុងស្អាត ស្រុកស្អាត ទីប្រជុំជនស្អាត ភូមិទេសចរណ៍ស្អាត បង្គន់សាធារណៈស្អាត យុទ្ធនាការគ្មានថង់ប្លាស្ទីកនៅតាមទីតាំងទេសចរណ៍សំខាន់ៗ ចលនាប្រឡងប្រណាំងបដិសណ្ឋារកិច្ចល្អក្នុងវិស័យទេសចរណ៍ និងស្តង់ដារង្វាន់សម្តេចតេជោនាយករដ្ឋមន្ត្រីសម្រាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍ សាលាមេត្រីភាពបរិស្ថានជាដើម។

លោករដ្ឋមន្ត្រី ថោង ខុន ក៏បានអំពាវនាវក្រសួង-ស្ថាប័ន វិស័យឯកជន និងគ្រប់ភាគីពាក់ព័ន្ធចូលរួមសហការក្នុងយុទ្ធនាការនេះ ដើម្បីបើកទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិឡើងវិញ ស្របទៅតាមដំណាក់កាលទី២នៃការជំរុញ និងការស្តារឡើងវិញនៃវិស័យទេសចរណ៍ (Recovery Phase) នៃផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ហើយក៏ដូចជាការត្រៀមឆ្ពោះទៅស្វាគមន៍ព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនៅឆ្នាំ២០២៣ខាងមុខ ព្រោះការរៀបចំកិច្ចការងារទាំងអស់នេះ គឺជាបុរេលក្ខខណ្ឌមុនឈានដល់ការទទួលទេសចរអន្តរជាតិ ការអបអរសាទរព្រឹត្តិការណ៍កីឡាស៉ីហ្គេម និងព្រឹត្តិការណ៍ធំៗដទៃទៀត៕