(ភ្នំពេញ)៖ ក្រៅពីកាកបាទក្រហមកម្ពុជាដែលបានដើរតួនាទីយ៉ាងសំខាន់ តាមរយៈសកម្មភាពសមធម៌ក្នុងការរួមចំណែក ដើម្បីកាត់បន្ថយភាពក្រីក្រ ហើយបង្កើនជីវភាពកាន់តែប្រសើរជូនប្រជាពលរដ្ឋ ជាមួយរាជរដ្ឋាភិបាលកម្ពុជា នោះ វត្តមានរបស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក៏បានរួមចំណែកយ៉ាងផុសផុលផងដែរ តាមរយៈសកម្មភាពសមធម៌នេះ ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ដោយមិនប្រកាន់វណ្ណៈ ជំនឿ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ជាមួយរាជរដ្ឋាភិបាលកម្ពុជា។

ជាក់ស្ដែងលោកស្រី សួស សូលីដា អភិបាលរងខណ្ឌឬស្សីកែវ និងជាប្រធានស្ដីទី អនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌ បានបន្តដឹកនាំក្រុមការងារនារីខណ្ឌ សហការជាមួយ បណ្ដាញសមាគមនារី សង្កាត់ច្រាំងចំរេះ២ ក្នុងការនាំយកគ្រឿងឧបភោគ បរិភោគ និងថវិកា ដើម្បីចុះសំណេះសំណាលសួរសុខទុក្ខ និងឧបត្ថម្ភដល់ការជួយសម្រាលជីវភាពខ្វះខាត និងមានជំងឺមួយចំនួនសម្រាប់ប្រជាពលរដ្ឋ មកពីភូមិទាំង៤ នៃសង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ នារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២។

សូមជម្រាបថា សម្រាប់អំណោយមនុស្សធម៌ ដែលក្រុមការងារបណ្ដាញសមាគមនារីខណ្ឌ-សង្កាត់ បាននាំយកមកឧបត្ថម្ភដល់ប្រជាពលរដ្ឋជួបការខ្វះខាតនាពេលនេះ គឺក្នុង១គ្រួសារទទួលបាន រួមមាន៖ អង្ករ២៥ គីឡូក្រាម , មី ៥កញ្ចប់, ទឹកត្រី ២ដប, ទឹកស៊ីអុីវ ២ដប, ត្រីខ ៥កំប៉ុង, និងថវិកា ៣០.០០០រៀល។

គួររំលឹកថា សកម្មភាពសមធម៌នេះ បានធ្វើឡើងជាបន្តបន្ទាប់រយៈពេល៤ថ្ងៃ និង៤សង្កាត់ជាប់គ្នា នៅមុននិងក្រោយពីអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌឫស្សីកែវ សហការជាមួយបណ្ដាញសមាគមនារី សង្កាត់ទួលសង្កែទី១ សង្កាត់ឬស្សីកែវ និងសង្កាត់ទួលសង្កែទី២ បាននាំយកគ្រឿងឧបភោគ បរិភោគ និងថវិកា ដើម្បីចុះសំណេះសំណាលសួរសុខទុក្ខ និងឧបត្ថម្ភដល់ការជួយសម្រាលជីវភាពខ្វះខាត និងមានជំងឺសម្រាប់ប្រជាពលរដ្ឋ រស់នៅក្រុម១ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ នៅក្រុម១២ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ និងនៅក្រុម២ ភូមិពោងពាយ និងភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ កាលពីថ្ងៃទី១៩-២១ ខែមករា ឆ្នាំ២០២២។

ក្នុងសកម្មភាពសមធម៌ទាំង៤លើក និង៤ថ្ងៃជាប់គ្នានេះ លោកស្រី សួស សូលីដា នៅតែបន្តជុំរុញប្រជាពលរដ្ឋឱ្យនាំបងប្អូនកូនក្មួយ ដែលមានអាយុចាប់ពី៥ឆ្នាំឡើង ឱ្យទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា ទាំងដូសមូលដ្ឋាន និងដូសជុំរុញ ដើម្បីឈានទៅកាត់ផ្ដាច់ការចម្លងរាលដាលចូលក្នុងសហគមន៍។

លោកស្រី សួស សូលីដា បានបន្តក្រើនរំលឹកដល់ប្រជាពលរដ្ឋថា ដើម្បីកាត់បន្ថយការចម្លងជំងឺកូវីដ-១៩ ទៅកាន់គ្រួសារ និងអ្នកដទៃ ចាំបាច់ទាមទារឱ្យមានការចូលរួមគ្នារក្សាអនាម័យ តាមរយៈការបន្តអនុវត្តវិធានការ «៣កុំ និង៣ការពារ» ក្រោយពីបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គ្រប់ៗគ្នា ទាំងដូសមូលដ្ឋាន និងដូសជុំរុញ ដើម្បីឈានទៅកាត់ផ្ដាច់ការចម្លងជំងឺរាលដាលចូលក្នុងសហគមន៍ ដែលសារផ្ដាំផ្ញើយ៉ាងយកចិត្តទុកដាក់ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕