(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីជូនដំណឹង ស្តីពី ការអនុវត្តវិធានការ លើសហគ្រាស ដែលអនុវត្តខុសពីនីតិវិធី នៃការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រង ការដាក់លិខិតប្រកាសពន្ធតាមអនឡាញ (E-Filing)។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២។

សេចក្ដីជូនដំណឹង បានឲ្យដឹងថា កន្លងមកអគ្គនាយកដ្ឋានពន្ធដារ បានដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធគ្រប់គ្រង ការដាក់លិខិតប្រកាសពន្ធតាមអនឡាញ (E-Filing) ស្របតាមសេចក្តីណែនាំលេខ ០០៣ សហវ ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការដាក់ឲ្យប្រើប្រាស់ ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធតាមអនឡាញ (E-Filing) និងទម្រង់លិខិតប្រកាសពន្ធប្រចាំខែថ្មី សម្រាប់អ្នកជាប់ពន្ធ។

បន្ថែមពីលើនេះ អគ្គនាយកដ្ឋានពន្ធដារ បានទទួលនូវការស្នើសុំដោះស្រាយ បញ្ហាលើការប្តូរស្ថានភាពបង់ប្រាក់ពន្ធជាច្រើន ដែលករណីទាំងនេះ គឺបណ្តាលមកពីសហគ្រាសមួយចំនួន មានចេតនាក្នុងការអនុវត្តខុសពីនីត៌វិធី ដែលអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានណែនាំកន្លងមក។

ជាមួយគ្នានេះដែរ ដើម្បីចៀសវាងនូវបញ្ហាដែលកើតមានឡើងចំពោះ ការដាក់លិខិតប្រកាសពន្ធតាមអនឡាញ (E-Filing) អគ្គនាយកដ្ឋានពន្ធដារ នឹងចាត់វិធានការពិនិត្យឯកសាររបស់សហគ្រាសដែលស្នើសុំដោះស្រាយបញ្ហាប្តូរស្ថានភាពបង់ប្រាក់ពន្ធ លើចំណុចដូចខាងក្រោម៖

* កាលបរិច្ឆេទបង់ពន្ធនៅលើបង្កាន់ដៃបញ្ជាក់ការបង់ប្រាក់ពន្ធ
* កាលបរិច្ឆេទនៃការបង្កើតពាក្យស្នើសុំបង់ និងប្រកាសពន្ធប្រចាំខែ តាមប្រព័ន្ធអនឡាញ។

បន្ទាប់ពីការពិនិត្យលើកាលបរិច្ឆេទ នៃការបង្កើតពាក្យស្នើសុំបង់និងប្រកាសពន្ធប្រចាំខែ តាមប្រព័ន្ធអនឡាញបញ្ជាក់ថា ក្រោយថ្ងៃទី២៥ នៃខែបន្ទាប់ពីខែ ដែលត្រូវប្រកាស ត្រូវចាត់ទុកថាជាអំពើរាំងស្ទះ ដែលសហគ្រាសត្រូវទទួលរងនូវការផាកពិន័យចំនួន ២ ០០០ ០០០ រៀល (ស្របតាមមាត្រា ១២៨ នឹងមាត្រា ១៣៣ នៃច្បាប់ស្តីពីសារពើពន្ធ)។ សហគ្រាសត្រូវទូទាត់ប្រាក់ពិន័យនេះ ឲ្យបានរួចរាល់ទើបអគ្គនាយកដ្ឋានពន្ធដារធ្វើការដោះស្រាយជូន៕