(កណ្តាល)៖ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅរសៀលថ្ងៃ ទី ២៤ ខែមករា ឆ្នាំ២០២២នេះ បានបន្តបេសកកម្មប្រគល់ជែលលាងដៃចំនួន ១,៤៦៦កេស (ស្មេីនឹង ២៣,៤៥៦ដប) ជូន សាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល ជាខេត្តទី២០ និងមន្ទីរពេទ្យបង្អែកខេត្ត-ស្រុកទាំង១១ និងអនុសាខាកាកបាទក្រហមកម្ពុជាក្រុង-ស្រុក ទាំង១១ នៅខេត្តកណ្តាល ដើម្បីប្រើប្រាស់ក្នុងការចូលរួមទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩។

ពិធីប្រគល់-ទទួលនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងលោក គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល។

ក្នុងឱកាសនោះ លោកស្រីអគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញេីសួរសុខទុក្ខ ជាមួយនឹងការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះគណៈកម្មាធិការសាខា-អនុសាខា យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាទាំងអស់ ក៏ដូចជាបុគ្គលិកសុខាភិបាលនៅតាមមន្ទីរពេទ្យបង្អែកទាំងអស់ ដែលបានយកចិត្តទុកដាក់ជួយសម្រាលការលំបាកជូនប្រជាពលរដ្ឋ ជាពិសេសបានខិតខំពុះពាររួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ។

ទន្ទឹមនឹងនេះ លោកស្រីបានគូសបញ្ជាក់ថា «ការចូលរួមកម្លាំងពីប្រតិបត្តិករជួរមុខ កម្លាំងទ័ពអាវស និងកម្លាំងពហុវិស័យ ទាំងអស់ បានធ្វេីឱ្យកម្ពុជាយេីងទទួលបានភាពជោគជ័យក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ រហូតដល់សម្រេចបាននូវការបើកដំណើរការសេដ្ឋកិច្ច-សង្គមឡើងវិញលើគ្រប់វិស័យ រួមជាមួយនឹងការដាក់ចេញនូវយុទ្ធសាស្ត្រ នៃការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩ , ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ-ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ ជាមួយនឹងទស្សនវិស័យនៃការចាកចេញពីវិបត្តិនៃជំងឺកូវីដ-១៩ ក្នុងភាពរឹងមាំនិងការវិលត្រឡប់ទៅរកមាគ៌ានៃកំណើននិងការអភិវឌ្ឍប្រកបដោយចីរភាពឡើងវិញ»។

ក្នុងឱកាសនោះដែរ លោក គង់ សោភ័ណ្ឌ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ កាកបាទក្រហមកម្ពុជា ដែលបានផ្តល់អំណោយដល់សាខានាពេលនេះ និងនាពេលកន្លងមក ពិសេសបានជួយទំនុកបម្រុងផ្នែកអភិវឌ្ឍធនធានមនុស្សដល់មន្ត្រី-បុគ្គលិកសាខា តាមរយៈ ការបេីកវគ្គបណ្តុះបណ្តាល វគ្គបំប៉ន វគ្គផ្សព្វផ្សាយ សិក្ខាសាលា និងកិច្ចប្រជុំនានា ដែលធ្វេីឱ្យមន្ត្រី-បុគ្គលិកសាខា មានចំណេះដឹង មានសមត្ថភាព បំពេញការងារទទួលបានលទ្ធផលល្អប្រសេីរ ហេីយបានឈានពីកម្រិតអប្បបរមា ទៅដល់កម្រិតអភិវឌ្ឍន៍ទី១ និងឈានដល់កម្រិតអភិវឌ្ឍន៍ទី២ តាំងតែពីអាណត្តិទី៤ រហូតដល់អាណត្តិទី៥នេះ។

សូមបញ្ជាក់ជូនថា សាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល ទទួលបានជែលលាងដៃចំនួន ១,៤៦៦កេស (ស្មេីនឹង ២៣,៤៥៦ដប) ក្នុងនោះ សាខាផ្ទាល់ទទួលបាន ចំនួន ៣១១កេស ស្មើនឹង ៤,៩៧៦ដប, មន្ទីរពេទ្យបង្អែកខេត្ត-ស្រុកទាំង១១ ដែលនីមួយៗទទួលបាន ៩០កេស ស្មេីនឹង ១,៤៤០ដប, អនុសាខាកាកបាទក្រហមកម្ពុជា ក្រុង-ស្រុកទាំង១១ ដែលនីមួយៗទទួលបាន ១៥កេស ស្មេីនឹង ២៤០ដប។

គួររំលឹកដែរថា ជែលលាងដៃខាងលេីនេះ ជាអំណោយរបស់ ក្រុមហ៊ុន ហ័ន យ៉ា ហ៊ឺ ចុង (ខេមបូឌា) ត្រេឌីង ឯ.ក ដែលប្រគល់ជូនកាកបាទក្រហមកម្ពុជា ជំហានទី២ ចំនួន ១៦,២០០កេស (ស្មើនឹង ២៥៩,២០០ដប) កាលពីថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២២កន្លងទៅ៕