(ភ្នំពេញ)៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីរក្សាទុកគ្រឿងញៀន នៅរាជធានីភ្នំពេញ ចាប់ខ្លួនជនសង្ស័យម្នាក់ និងរឹបអូសគ្រឿងញៀន ជាង២៥គីឡូក្រាម។

អនុវត្តតាមបញ្ជា នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែន ប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់លោកឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន។

មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ វេលាម៉ោង២២៖៣០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក១០) ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា, លោកវរៈសេនីយ៍ឯក យឹម សែនឧត្តម នាយករងមន្ទីរ, លោក តឹក សូនី នាយការិយាល័យ ចូលរួមពីកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ព្រមទាំងមានការសម្របសម្រួលពីលោក អ៊ុ សុភក្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេតស្រាវជ្រាវឈានទៅបង្រ្កាប នៅចំណុចបន្ទប់ជួលលេខ៩ ផ្លូវលំ ភូមិសន្សំកុសល សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជាលទ្ធផល ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ អ៊ាត ម៉ាទី ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ, ចាប់យកវត្ថុតាងមេតំហ្វេតាមីន (ICE) ទម្ងន់២០ គីឡូក្រាម៩៩០.៧៣ក្រាម, អ៊ិចស្តាស៊ី(MDMA) ២គីឡូក្រាម ៨០០ក្រាម, កេតាមីន(Ketamine) ១គីឡូក្រាម ៤០២ក្រាម, សរុបទម្ងន់ ២៥គីឡូក្រាម ១៩២.៧៣ក្រាម, អាវុធវែង២ដើម និងគ្រាប់ចំនួន៩៦គ្រាប់។

ជនសង្ស័យ និងវត្ថុតាង បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមចាត់ការបន្តនីតិវិធី៕