(កំពត)៖ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានក្រើនរំលឹក ដាស់តឿន និងផ្តាំផ្ញើដល់បេក្ខសមណសិស្សប្រលងទាំងអស់ ត្រូវយកចិត្តទុកដាក់ គោរពវិន័យតាមបទបញ្ជានៃការប្រឡង ហើយបញ្ចេញឲ្យអស់នូវសមត្ថភាព ដើម្បីទទួលជោគជ័យ ដើម្បីបានបន្តការសិក្សាយកចំណេះដឹងខ្ពង់ខ្ពស់បន្ថែមទៀត សម្រាប់ចូលរួមក្នុងកិច្ចការបម្រើ ផលប្រយោជន៍សង្គមជាតិ ក៏ដូចជាការបម្រើក្នុងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឲ្យបានកាន់តែផូរផង់រុងរឿងនិងរីកចម្រើនទាំងក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត។

ការផ្តាំផ្ញើនេះខណ:លោក ម៉ៅ ធនិន និងព្រះតេជគុណ ព្រះសុសីលវង្ស ញ៉ែត ចន្ទតារា ព្រះមេគុណខេត្ត ព្រមទាំង អភិបាលរងខេត្ត មន្ត្រី សង្ឃ មន្ទីធម្មការនិងសាសនាខេត្ត និងអ្នកពាក់ព័ន្ធក្រោមឱវាទ ចូលរួមបើកវិញ្ញាសាប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សា(សាលាបាលីរង) ឆ្នាំសិក្សា ២០២១-២០២២ ដែលការប្រលងនេះធ្វើឡើងនៅវត្តជុំគ្រៀល ស្ថិតក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២២នេះ។

លោក ម៉ៅ ធនិន បានថ្លែងថា កិច្ចដំណើរការប្រលងនៅពេលនេះពិតជាមានសារៈសំខាន់សម្រាប់សមណសិស្សទាំងអស់ ហើយសង្ឃឹមថា ក្រោយពីការប្រលងជាប់ជាស្ថាពរក៏រួចរាល់ហើយ នឹងឈានទៅបន្តការសិក្សាយកចំណេះដឹងខ្ពង់ខ្ពស់បន្ថែមទៀត សម្រាប់ចូលរួមក្នុងកិច្ចការបម្រើផលប្រយោជន៍សង្គមជាតិ ក៏ដូចជាការបម្រើក្នុងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឲ្យបានកាន់តែផូរផង់រុងរឿងនិងរីកចម្រើនទាំងក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត។

ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត លោក នាក់ យិតថូ បានឲ្យដឹងថា ការប្រឡងនេះ មានសមណសិស្ស និងសិស្សបានដាក់ពាក្យប្រឡងចំនួន១៧០អង្គ ដែលបាននិមន្តមកពីខេត្តចំនួន៣ ក្នុងនោះមានខេត្តកំពត ចំនួន១៣៧អង្គ, ខេត្តកែបចំនួន០៧អង្គ និងខេត្តព្រះសីហនុចំនួន ២៦អង្គ។ មុខវិជ្ជាប្រឡង មានវិញ្ញាសាចំនួន៦មុខ គឺភាសាបាលី ពុទ្ធវិន័យ ពុទ្ធប្រវត្តិ ពុទ្ធសាសនា សរសេរតាមអាន តែងសេចក្ដី វិទ្យាសាស្រ្តអនុវត្ត និងគណិតវិទ្យា។
ពេលវេលាប្រលងមានរយៈពេល ២ថ្ងៃពេញ គឺពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ហើយសាមណសិស្សដែលបានប្រឡងជាប់ពេលនេះ នឹងត្រូវបានសិទ្ធិបន្តការដាក់ពាក្យសុំប្រឡងចូលរៀនថ្នាក់ទី៧ បន្តទៀត៕