(សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង អភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការនៅទីអវកាស ជាពិសេសការរុករកទីអវកាសឆ្ងាយបន្ថែមទៀត ស្របពេលដែលទង្វើនេះ នឹងអាចនាំឲ្យកូរ៉េខាងជើង សម្លឹងឃើញក្នុងគោលដៅមិនល្អ។ នេះបើតាមការចេញផ្សាយដោយស៊ិនហួរ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦។

កិច្ចព្រមព្រៀងខាងលើនេះ ត្រូវបានចុះហត្ថលេខាដោយមន្ត្រី កូរ៉េខាងត្បូង និងអាមេរិក នៅក្នុងកិច្ចប្រជុំរយៈពេលបីថ្ងៃរវាងភាគីទាំងពីរ នៅទីក្រុងសេអ៊ូល។ លោក Yun Byung-se រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង បានលើកឡើងថា ការរុករកទីអវកាសនេះ គឺនឹងស្ថិតនៅក្នុងគោលដៅសន្តិភាពតែប៉ុណ្ណោះ ដោយមិនមែនជាការបំផ្លាញបរិស្ថាន ឬជាការពង្រឹងវិស័យយោធានោះឡើយ។

គួរបញ្ជាក់ថា មុននឹងមានកិច្ចព្រមព្រៀងនេះកើតឡើង ទីក្រុងសេអ៊ូល និង វ៉ាស៊ីនតោន បានធ្វើការពិភាក្សាគ្នាចាប់តាំងពីឆ្នាំ២០១០ មកម្ល៉េះ ហើយក្នុងនោះប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ផាក គឺហេ និងប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានពិភាក្សាគ្នាថានឹង សម្រេចវាឲ្យបាននៅឆ្នាំ ២០១៦ នៅក្នុងកិច្ចប្រជុំកំពូលមួយកាលពីខែតុលា ឆ្នាំ២០១៦៕