(បន្ទាយមានជ័យ)៖ ថ្លែងប្រាប់អ្នកយកព័ត៌មានរបស់អង្គភាព Fresh News ដែលបានទៅសម្ភាសន៍ផ្ទាល់ ជាមួយលោក ហ៊ុយ សុជាតិ ប្រធានការិយាល័យ គយ និងរដ្ឋាករ ច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានបញ្ជាក់ថា នៅរយៈពេល៣ខែដើម ឆ្នាំ២០១៦នេះ អង្គភាពគយ និងច្រកទ្វារ ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រមូលពន្ធគ្រប់ប្រភេទ បានទឹកប្រាក់ចំនួន២០០ពាន់លានរៀល ដែលចំនួនមានការកើនឡើង ប្រមាណជា១០០% បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០១៥។

លោក ហ៊ុយ សុជាតិ បានថ្លែងបញ្ជាក់ទៀតថា ទំនិញដែលឆ្លងកាត់តាមច្រកទ្វារ អន្តរជាតិប៉ោយប៉ែត ភាគច្រើនជាគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ផ្សេងៗ ម៉ូតូ រថយន្ត និងគ្រឿងបន្លាស់យានយន្តជាដើម។

មន្ត្រីដដែលរូបនេះបញ្ជាក់ទៀតថា ដើម្បីចូលរួមក្នុងការប្រមូលចំណូលចូលថវិកាជាតិ ស្របតាមយុទ្ធសាស្ត្រកៀរគរចំណូល របស់រាជរដ្ឋាភិបាល គយនិងរដ្ឋាករ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ប្តេជ្ញាធ្វើយ៉ាងណារឹតបន្តឹង ការប្រមូលចំណូលពន្ធ មិនឲ្យបាត់បង់នោះឡើយ៕