(សេអ៊ូល)៖ ប្រទេសកូរ៉េខាងជើង បានប្រកាសថាខ្លួននឹងរៀបចំសមាជដ៏ធំរបស់គណបក្សពលករ នៅថ្ងៃទី០៦ ខែឧសភា ខាងមុខនេះ ដើម្បីបញ្ចប់នូវភាពស្ងប់ស្ងាត់កន្លងមក ដែលមិនបានរៀបចំ ព្រឹត្តិការណ៍ដូចនេះ អស់រយៈកាល ៣៦ឆ្នាំមកហើយ។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយសារព័ត៌មាន Channel News Asia នាព្រឹកថ្ងៃពុធ ទី២៧ ខែមេសា ឆ្នាំ២០១៦។

ចំពោះគម្រោងការណ៍រៀបចំសមាជបក្សនេះ ត្រូវបានប្រកាសតាំងពីខែតុលា ឆ្នាំ២០១៥មកម្ល៉េះ ប៉ុន្តែកូរ៉េខាងជើង មិនបានបង្ហាញពេលវេលា​ ជាក់លាក់នោះឡើយ ថានឹងធ្វើឡើងនៅពេលណា។ សមាជដ៏ធំនោះ ត្រូវបានអ្នកវិភាគលើកឡើងថា ជាការប្រកាសដល់ប្រជាជាតិ ក៏ដូចជា ពិភពលោក ទាំងមូល អំពីនយោបាយជម្រុញ កំណើនសេដ្ឋកិច្ច និង សមត្ថភាពនុយក្លេអ៊ែរ​ ក្រោមការដឹកនាំ របស់មេដឹកនាំកំពូលផុតលេខ ជំនាន់ទីបីលោក គីម ជុងអ៊ុន។

គួរបញ្ជាក់ថា សមាជដ៏ធំលើកចុងក្រោយត្រូវបានរៀបចំឡើង កាលពីឆ្នាំ ១៩៨០ មុនលោក គីម ជុងអ៊ុន ដែលបច្ចុប្បន្នមានវ័យ ៣៣ឆ្នាំនេះ ចាប់កំណើតទៅទៀត។ កាលពីសម័យសង្គ្រាម ត្រជាក់ដែលជីតា គីម អ៊ីលសុង បានដឹកនាំប្រទេសកូរ៉េខាងជើង ក្រោមជំនួយពីសម្ព័ន្ធមិត្ត ដ៏ខ្លាំងក្លា គឺសហភាពសូវៀតនោះ ប្រទេសអាស៊ីបូព៌ាមួយនេះ បានទទួលការអភិវឌ្ឍយ៉ាងខ្លាំងលើវិស័យ សេដ្ឋកិច្ច ឧស្សាហកម្ម និង យោធា ហើយកូរ៉េខាងត្បូងមិនអាចតាមទាន់ឡើយ៕