(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានបញ្ជាក់ឲ្យដឹងថា នៅត្រីមាសទី១ ឆ្នាំ២០១៦នេះ ខ្លួនបានអនុម័តគម្រោង វិនិយោគ ចំនួន ៤៥គ្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ១០០៧ លានដុល្លារអាមេរិក ដែលអាំចបង្កើតការងារជូនប្រជាពលរដ្ឋ បានប្រមាណជិត៥ម៉ឺនកន្លែង។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ CDC ដែលបង្ហោះនៅលើគេហទំព័រ Facebook Page របស់ខ្លួននោះបានបញ្ជាក់ទៀតថា គម្រោង វិនិយោគទាំងនោះ ត្រូវបានបែងចែកតាមវិស័យ ដូចជាឧស្សាហកម្មចំនួន៣៦គម្រោង, ទេសចរណ៍ចំនួន៥គម្រោង, កសិកម្មនិងកសិ-ឧស្សាហកម្ម ចំនួន៣គម្រោង, និងហេដ្ឋារចនាសម្ព័ន្ធចំនួន១គម្រោង។

CDC បានឲ្យដឹងទៀតថា វិនិយោគិនកម្ពុជាស្ថិតនៅលំដាប់ទី១ ដែលបានបោះទុនវិនិយោគច្រើនជាងគេ ស្មើនឹង ៥៨,៨%នៃដើមទុនវិនិយោគ សរុប ខណៈវិនិយោគិនចិន ស្ថិតនៅលំដាប់ទី២ និងវិនិយោគិនជប៉ុន ស្ថិតនៅលំដាប់ទី៣៕