(ភ្នំពេញ)៖​ សេចក្តីរាយការណ៍របស់ភ្នាក់ងារ Fresh News បានឲ្យដឹងថា បុរសស្រវឹងម្នាក់ បើករថយន្តសេរីទំនើបមួយគ្រឿង​ ទៅបុកថ្ម​ពុះចែកទ្រូងផ្លូវបាក់អស់៦កង់ និងរថយន្តរងការខូចខាតធ្ងន់ធ្ងរ​ នាម៉ោង​២៖០០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែមេសា ឆ្នាំ​២០១៦​ ស្ថិតតាមបណ្តោយផ្លូវ២៧១​ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក​។

អ្នកឃើញហេតុការនេះបានប្រាប់ថា​ នៅម៉ោងខាងលើគេបានឃើញបុរស្រវឹងម្នាក់ បានបើករថយន្ត​ ម៉ាក​ Audi ពណ៌ខ្មៅ ស្លាកលេខ​ភ្នំពេញ 2AG-6676 ក្នុងទិសដៅពីត្បូងទៅជើង​ តាមបណ្តោយផ្លូវ​២៧១​ កែងនិងផ្លូវ២០០៤​ លុះបើកមកដល់ចំណុចកើតហេតុនេះ​ ដោយសារអ្នកបើកបរស្រវឹងនោះ បានបើករថយន្តរ៉េចង្កូត ទៅបុកថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យបាក់៦កង់​ និងរថយន្តដាច់កង់មុខ​ ផ្នែកខាងស្តាំ​ មិនអាចបន្តដំណើរ​ទៅមុខទៀត​បាន ​រីឯអ្នកបើកបរពុំ​មានរងរបួសនោះទេ​ ។

ក្រោយកើតហេតុទាំងមនុស្ស ទាំងរថយន្ត ត្រូវបានបញ្ជួនទៅ​កានស្នងការដ្ឋាន នគរបាលក្រុង​ភ្នំពេញ ដើម្បីរង់​ចាំដោះស្រាយ​គ្នានៅពេលក្រោយ​៕