(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅល្ងាចថ្ងៃទី២៦ ខែមេសានេះ បានអនុញ្ញាតឲ្យ លោក Philipp Roster សមាជិកក្រុមប្រឹក្សាភិបាល នៃវេទិការសេដ្ឋកិច្ឋពិភពលោក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។

ក្នុងជំនួបពិភាក្សាការងារដ៏មានតម្លៃនោះ លោក Philipp Roster បានជម្រាបជូនសម្ដេចតេជោ ហ៊ុន សែន ថា កម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះនៃ វេទិការសេដ្ឋកិច្ចពិភពលោក ដែលនឹងរៀបចំនៅឆ្នាំ២០១៧ ហើយសកម្មភាពនេះ គឺដើម្បីឆ្លុះបញ្ចាំងពីការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ដែលវាជាគំរូមួយ ហើយក៏ឆ្លុះបញ្ចាំងពីសេដ្ឋកិច្ចអាស៊ានផងដែរ។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានអរគុណដល់ លោក Philipp Roster និងសមាជិកសមាជិការក្រុមប្រឹក្សាភិបាល នៃវេទិការសេដ្ឋកិច្ចពិភពលោក ដែលបានជ្រើសរើសកម្ពុជា ជាកន្លែងសំរាប់រៀបចំវេទិការនេះ ហើយនេះជាការយកចិត្តទុកដាក់មួយ មកលើប្រទេសកម្ពុជា ហើយជាគោលដៅរបស់ប្រទេសកម្ពុជា ក្នុងការចូលរួមចំណែកជាមួយ វិស័យសេដ្ឋកិច្ចនេះផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា ក្នុងវេទិការនេះនឹងមានការចូលរួមពីបណ្ដា ប្រធានក្រុមហ៊ុនធំៗពីប្រទេសផ្សេងៗ ដូចច្នេះតាមរយៈជំនួបនេះ នឹងផ្តល់ប្រយោជន៍យ៉ាងសំខាន់ សំរាប់ប្រទេសកម្ពុជា ក្នុងការរៀបចំវេទិការសេដ្ឋកិច្ចពិភពលោក នៅឆ្នាំ២០១៧ខាងមុខ ជាពិសេសតាមរយៈវេទិការនេះ ក៏បង្ហាញឲ្យឃើញថា កម្ពុជាកំពុងមានសេដ្ឋកិច្ចរីកលូតលាស់ជាបន្តបន្ទាប់៕