(ភ្នំពេញ)៖ កម្លាំងអាវុធហត្ថខណ្ឌជ្រោយចង្វារ ដឹកនាំការសម្របសម្រួលតាមផ្លូវច្បាប់​​ ពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦នេះ បានចុះទៅឆែកឆេរភូមិគ្រឹះដ៏ធំមួយកន្លែង ស្ថិតនៅចំណុចក្រុមទី៥ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ដោយរកឃើញក្មេងស្រីមិនទាន់គ្រប់អាយុចំនួន១០នាក់ ដែលកំពុងធ្វើការនៅទីនោះ សង្ស័យបង្ខាំងខុសច្បាប់។

មេបញ្ជាការអាវុធហត្ថខណ្ឌជ្រោយចង្វារ សេង ឈាង បានប្រាប់ Fresh News នៅយប់ថ្ងៃនេះថា តាមពិតទៅករណីនេះ ក្រោយការសួរនាំបន្តិច គឺមិនមែនជាករណីបង្ខាំងមនុស្សខុសច្បាប់នោះទេ ជាការយកពួកគេ (ក្មេងស្រី) មករៀនការងារផ្នែកម៉ាស្សា ប៉ុន្តែមានសាច់ញាតិ និងបង្អូនក្មេងស្រីម្នាក់មករករឿង រហូតរាយការណ៍ទៅសមត្ថកិច្ចរបស់លោក ថាមានករណីបង្ខាំងមនុស្សខុសច្បាប់ទាំងនេះតែម្តង។

នារីរងគ្រោះឈ្មោះ សំ ណាងស្រីភីន អាយុ១៥ឆ្នាំ ដែលត្រូវបានសាច់ញាតិបស់នាងមកប្តឹង និងតាមរករឿង តែធាតុពិតម្ចាស់ភូមិគ្រឹះ គឺគាត់មើលទៅមានចិត្តល្អ យកពួកគេមកបណ្តុះបណ្តាលផ្នែកម៉ាស្សា។ នេះបើយោងតាមលោកមេបញ្ជាការអាវុធហត្ថខណ្ឌ។

យ៉ាងណាក៏ដោយ លោក សេង ឈាង បានបញ្ជាក់ថា រហូតមកដល់ពេលនេះកម្លាំងអាវុធហត្ថរបស់លោក សហការជាមួយកម្លាំងអាវុធហត្ថ ប្រឆាំងការជួញដូរមនុស្ស បាននិងកំពុងសួរនាំបន្តទៀត៕