(ភ្នំពេញ)៖ ចោរប្លន់ពីរនាក់ ដែលប្រើដាវសាំម៉ូរ៉ៃដើរប្លន់ប្រជាពលរដ្ឋ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅតុលាការហើយ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦នេះ។

តាមចម្លើយសារភាពរបស់ជនសង្ស័យទាំងពីរនាក់ ដែលមានឈ្មោះ ហង្ស បញ្ញា ហៅ ស្មីត និងឈ្មោះ គឹម ហេង បានឲ្យដឹងថា ពួកគេមានគ្នា០៨នាក់ តែងតែដើរប្លន់ម៉ូតូ ដោយប្រើដាវសាំម៉ូរៃកាប់ទៅលើជនរងគ្រោះ ដែលវាបានជួបប្រទះនៅទីកន្លែងស្ងាត់ជាច្រើនលើក។

ជាក់ស្តែងរយៈកាលកន្លងមក ពួកវាបានធ្វើសកម្មភាពប្លន់ នៅចំណុចផ្លូវ៨២ (ផ្លូវចូលសំណង់១២) ខណ្ឌទួលគោក ក្នុងអំឡុងខែកញ្ញា ឆ្នាំ២០១៥ យកបានម៉ូតូម៉ាក Let's ពណ៌ស មិនចាំស៊េរីមួយគ្រឿង, លើកទី០២ ប្លន់នៅចំណុចខាងជើងផ្សារទួលទំពូង ខណ្ឌចំការមន ក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០១៦ យកបានម៉ូតូម៉ាក Dream C125 ពណ៌ខ្មៅ មិនចាំស៊េរី មួយគ្រឿង និងលើកទី០៣ ធ្វើសកម្មភាពកាប់ជនរងគ្រោះប្លន់យកម៉ូតូ នៅចំណុចផ្លូវនរោត្តម ជិតវិមានឯករាជ្យ ក៏ប្រទះនឹងកម្លាំងល្បាតអាវុធហត្ថខណ្ឌដូនពេញ។ ពួកវាព្យាយាមរត់គេចតែភ្លាមនោះ ត្រូវបានកម្លាំងអាវុធហត្ថបង្រ្កាបបានទាំងពីរនាក់ នៅនឹងកន្លែងតែម្តង រីឯបក្សពួកដែលនៅសេសសល់ អាវុធហត្ថរាជធានីភ្នំពេញកំពុងស្រាវជ្រាវបន្ត៕