(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញកាត់ខ្សែបូសម្ពោធជាផ្លូវការ ពិព័រណ៍ទេសចរណ៍អន្តរជាតិ Travex 2022។

ពិធីសម្ពោធពិព័រណ៍ទេសចរណ៍អន្តរជាតិ Travex 2022 នេះធ្វើឡើងនៅសណ្ឋារគារ ឆ្នេរសុខា ខេត្តព្រះសីហនុ ដោយមានការចូលរួមពីភ្ញៀវជាតិ និងអន្តរជាតិជាច្រើនផងដែរ។

នៅក្នុងពិព័រណ៍ទេសចរណ៍អន្តរជាតិនេះមានការដាក់លក់ទំនិញផ្សេងៗរហូតដល់ទៅ ១៨៧ស្តង់ ក្នុងនោះស្តង់អន្តរជាតិមានចំនួន ៦១ស្តង់ និងស្តង់ក្នុងស្រុកចំនួន ១២៦ស្តង់ មកពីឥណ្ឌូនេស៊ី ម៉ាឡេស៊ី ភូមា ហ្វីលីពីន និងថៃជាដើម។

ការសម្ពោធពិព័រណ៍ទេសចរណ៍អន្តរជាតិ នាព្រឹកថ្ងៃនេះ ធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីបើកវេទិកាទេសចរណ៍អាស៊ានលើកទី៤០ (ATF 2022) ដែលរៀបចំធ្វើឡើងនៅក្រុងព្រះសីហនុ នាល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២។

វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ ដែលរៀបចំឡើងនៅកម្ពុជា គឺជាការបង្ហាញឱ្យឃើញនូវកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក៏ដូចជាប្រទេសសមាជិកអាស៊ានដទៃទៀត ក្នុងការធ្វើឱ្យវិស័យទេសចរណ៍មានដង្ហើមឡើងវិញ ក្រោយរងការវាយប្រហារយ៉ាងខ្លាំងពីវិបត្តិជំងឺកូវីដ១៩ រយៈពេលប្រមាណ២ឆ្នាំកន្លងទៅនេះ៕