(ភ្នំពេញ)៖ ក្រសួងធម្មការ និងសាសនា បានសហការជាមួយក្រសួងវប្បធម៌ និងសម្ដេចព្រះសង្ឃទាំងពីរគណៈ នៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦នេះ បានបន្តបើកកិច្ចប្រជុំពិភាក្សាម្តងទៀត លើកម្មវិធីដង្ហែព្រះបរមសារីរិកធាតុ ទៅកាន់ភ្នំព្រះរាជទ្រព្យ ហៅភ្នំឧដុង្គ ស្រុកពញាឮ ខេត្តកណ្តាល ដែលគ្រោងធ្វើឡើងនៅចុងខែឧសភា ឆ្នាំ២០១៦ខាងមុខនេះ។

កិច្ចប្រជុំពិភាក្សានេះ បានធ្វើឡើងក្រោមវត្តមាន លោកទេសរដ្ឋមន្រ្តី ហ៊ឹម ឆែម រដ្ឋមន្រ្តីក្រសួងធម្មការ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ។

អ្នកនាំពាក្យក្រសួងធម្មការ លោក សេង សុមុនី បានប្រាប់ Fresh News ថា ថ្នាក់ដឹកនាំបានសម្រេចយកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦ ដើម្បីដង្ហែព្រះបរមសារីរិកធាតុ ចេញពីព្រះបរមរាជវាំង ទៅកាន់ភ្នំព្រះរាជទ្រព្យ។ 

សូមរំលឹកថា ព្រះសារីរិកធាតុ និងបដិមាព្រះពុទ្ធអង្គ៧អង្គ ត្រូវជនទមិឡ៦នាក់ បានលួច កាលពីយប់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ កន្លងទៅ ហើយត្រូវបានតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារម្នាក់ចំនួន៧ឆ្នាំ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥ កន្លងទៅ៕