(ភ្នំពេញ)៖ រដ្ឋបាលព្រៃឈើ បានសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ (ACU) នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី ការប្រឆាំងការសម្អាតប្រាក់ និងបទល្មើសព្រៃឈើ។

ពិធីបើកវគ្គនេះបានធ្វើឡើងក្រោមអធិបតីភាពលោក ឃាង សេង អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ តំណាងលោកកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងលោកបណ្ឌិត កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុក ជាប្រធានរដ្ឋបាលព្រៃឈើ នៅវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ និងសត្វព្រៃ។

ក្នុងវគ្គបណ្ដុះបណ្ដាលនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋបាលព្រៃឈើ ថ្នាក់ដឹកនាំនាយកដ្ឋាន និងមន្រ្ដីនៃរដ្ឋបាលព្រៃឈើពាក់ព័ន្ធ ព្រមទាំងនាយខណ្ឌ នាយផ្នែក និងនាយសង្កាត់រដ្ឋបាលព្រៃឈើ២៥រាជធានី-ខេត្តចូលរួមផងដែរ។

លោកបណ្ឌិត កែវ អូម៉ាលីស្ស បានគូសបញ្ជាក់ថា ការរៀបចំវគ្គបណ្តុះបណ្តាលនេះ ជាមួយនឹងគោលបំណងចម្បង ដើម្បីផ្សព្វផ្សាយ និងផ្តល់ចំណេះដឹងពាក់ព័ន្ធការទប់ស្កាត់ប្រឆាំងការសម្អាតប្រាក់ និងបទល្មើសព្រៃឈើ ក្នុងទិដ្ឋភាពរួមទូទាំងប្រទេស និងនូវស្ថានភាពបច្ចុប្បន្នចំពោះកិច្ចខិតខំប្រឹងប្រែង ដែលកំពុងអនុវត្តទាំងនៅកម្រិតមូលដ្ឋាន ថ្នាក់តំបន់ និងថ្នាក់ជាតិ ដើម្បីទប់ស្កាត់ប្រឆាំងការសម្អាតប្រាក់ដែលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ និងសត្វព្រៃ និងលើកទឹកចិត្តការពិភាក្សាស្ថាបនាក្នុងចំណោមមន្ត្រីនគរបាលយុត្តិធម៌ (ព្រៃឈើ និងសត្វព្រៃ) និងអ្នកពាក់ព័ន្ធក្នុងការទប់ស្កាត់ប្រឆាំងការសម្អាតប្រាក់ ដែលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ និងសត្វព្រៃ និងការអនុវត្តការឆ្លើយតបដែលមានប្រសិទ្ធភាពចំពោះបញ្ហាប្រឈមនានា និងភាពមិនស៊ីសង្វាក់គ្នា ដែលរាំងស្ទះដល់ដំណើរការទប់ស្កាត់ប្រឆាំងការសម្អាតប្រាក់ដែលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ និងសត្វព្រៃនាពេលបច្ចុប្បន្ន។

លោក ឃាង សេង បានថ្លែងថា រាជរដ្ឋាភិបាលបានចាត់ទុកការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម គឺជាការងារសំខាន់ចាំបាច់ និងបន្ទាន់ដែលតម្រូវឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ សហការអនុវត្តតាមកិច្ចសមត្ថកិច្ចរបស់ខ្លួន។ ជាក់ស្ដែងរាជរដ្ឋាភិបាលបានចេញ ស.ជ.ណ. លេខ៣៣៨ សជណធ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ដោយបញ្ជាក់ថា រាជរដ្ឋាភិបាលបានសម្រេចឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធត្រូវខិតខំអនុវត្តតាមផែនការសកម្មភាពរបស់ក្រុមការងារហិរញ្ញវត្ថុ តាមកាលបរិច្ឆេទឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់ក្រោមការទទួលខុសត្រូវរបស់ក្រសួង សា្ថប័នរៀងៗខ្លួន។

អនុប្រធាន ACU រូបនេះ បានបញ្ជាក់ថា ឆ្លើយតបនឹងចំណុចនេះអង្គភាពប្រឆាំងអំពើពុករលួយ ក៏ដូចជាក្រសួង ស្ថាប័នពាក់ព័ន្ធនានា បានដាក់ចេញនូវផែនការសកម្មភាពរបស់ខ្លួនដើម្បីអនុវត្តនូវផែនការសកម្មភាពដែលកំណត់ដោយក្រុមរួមរបស់ APG និងផែនការសកម្មភាពដែលបានកំណត់ក្នុងយុទ្ធសាស្ត្រជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវកម្ម ឆ្នាំ២០១៩-២០២៣។

ជាមួយគ្នានេះដែរ លោកបានឱ្យដឹងថា កិច្ចប្រជុំ និងយន្តការជាច្រើនត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងកិច្ចសហការរវាងស្ថាប័នពាក់ព័ន្ធ ក៏ដូចជាត្រួតពិនិត្យលើវឌ្ឍនភាពការងារ AML/CFT។ បន្ថែមលើនេះទៀត អង្គភាពប្រឆាំងអំពើពុករលួយ ក៏បានបង្កើតក្រុមការងារបច្ចេកទេសអន្តរក្រសួងសម្របសម្រួលការអនុវត្តច្បាប់ សម្រាប់ស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ (WGML) ដើម្បីពង្រឹងកិច្ចសហការគ្នាក្នុងការផ្លាស់ប្តូរព័ត៌មាន និងសម្រួលការស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ ហើយតំណាងរដ្ឋបាលព្រៃឈើ២រូប ជាសមាជិកក្រុមការងារនេះដែរ។

ដើម្បីសម្រេចបាននូវគោលបំណងខាងលើនេះ លោកសូមលើកទឹកចិត្តដល់លោក លោកស្រីយកចិត្តទុកដាក់ស្តាប់ រៀនសូត ចូលរួមពិភាក្សា និងសួរជាសំណួរឱ្យបានផុសផុលក្នុងកម្មវិធីនេះ ដើម្បីទទួលបានពុទ្ធិថ្មីៗ វិធីសាស្ត្រ និងការអនុវត្តល្អៗដើម្បីអនុវត្ត និងបង្កើនប្រសិទ្ធភាពថែមទៀតលើការងារប្រឆាំងការសម្អាតប្រាក់នៅកម្ពុជា៕