(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តត្បូងឃ្មុំ បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បន្តចុះត្រួតពិនិត្យផលិតផលទំនិញនៅផ្សារស្ទឹង ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

លោក សាន វិជ្ជាសារ៉ាវុទ្ធ ប្រធានក.ប.ប.ខេត្តត្បូងឃ្មុំ បានបញ្ជាក់ឲ្យដឹងថា ការចុះត្រួតពិនិត្យនោះ ការលក់ដូររបស់អាជីវករមានលក្ខណៈល្អត្រឹមត្រូវច្រើន ហើយទំនិញដែលមិនអនុលោមភាពនោះមានតិចតួចទេ។ ជាលទ្ធផលមន្ត្រី ជំនាញបានដកហូតផលិតផលដែលមិនអនុលោមច្បាប់ ដែលហួសកាលបរិច្ឆេទ បានចំនួន ៣៣.២០គីឡូក្រាម ក្នុងនោះមាន កាហ្វេ មីចិន និងប្រភេទឡេដែលគ្មានលិខិតបញ្ជាក់ប្រវេទន៍ពីក្រសួងសុខាភិបាល។

ក្នុងសកម្មភាពជាមួយគ្នានេះ មន្ត្រីជំនាញបានពន្យល់ណែនាំអាជីវករដែលជាម្ចាស់ម៉ាតលក់ទំនិញ និងលក់គ្រឿងសំអាងឲ្យមានការយល់ដឹងក្នុងការដាក់តាំងលក់ទំទិញ និងលក់បន្តត្រូវតែមានលិខិតអនុញ្ញាតិពីស្ថាប័នជំនាញពាក់ព័ន្ធ និងមានបិទភ្ជាប់បទដ្ឋានព័ត៌មានសម្រាប់អ្នកប្រើប្រាស់ ស្របតាមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។

បន្ថែមពីនេះមន្ត្រីជំនាញ ក៏បានពន្យល់ណែនាំដល់អាជីវករឲ្យដាក់តាំងលក់ផលិតផលទំនិញប្រកបដោយស្តង់ដារអនាម័យខ្ពស់ មានគុណភាព សុវត្ថិភាពជាប្រយោជន៍ដល់ខ្លួនជាអ្នកលក់បានចំណេញប្រាក់ ឯអ្នកទិញបានចម្រើន សុខភាព ពិសេសចេះមើលអាយុកាលទំនិញ និងផលិតផលទំនិញដែលអនុលោមតាមច្បាប់ មុននឹងលក់ទៅដល់ដៃអ្នកប្រើប្រាស់ចៀសវាងការខាតបង់សេដ្ឋកិច្ចគ្រួសារ និងប្រឈមចំពោះមុខច្បាប់៕