(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្រសួងការពារជាតិ បានបញ្ជាក់ថា ក្រសួងបានប្រគល់ប័ណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រមាណ២.៧សែននាក់ នៅក្នុងចំណោមប័ណ្ណចំនួន ២,៧៥០,០០០នាក់។

ប័ណ្ណចាក់វ៉ាក់សាំង ដែលរៀបចំដោយក្រសួងការពារជាតិ បានបង្ហាញព័ត៌មានរបស់អ្នកចាក់, ប្រភេទវ៉ាក់សាំង, កាលបរិច្ឆេទចាក់វ៉ាក់សាំង ហើយក៏បង្ហាញរូបថតរបស់ចាក់វ៉ាក់សាំងផងដែរ។ ប័ណ្ណចាក់វ៉ាក់សាំង អាចនឹងក្លាយជាឯកសារដ៏ចាំបាច់មួយសម្រាប់ប្រើប្រាស់ទៅថ្ងៃក្រោយ ដូចជាការធ្វើដំណើរចូលប្រទេសណាមួយ ឬអាចប្រើប្រាស់ក្នុងភាពចាំបាច់ដទៃទៀត។

ការបញ្ជាក់បែបនេះ របស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានធ្វើឡើងនៅក្នុងឱកាសផ្តល់បទសម្ភាសដល់ក្រុមអ្នកសារព័ត៌មាន ក្នុងឱកាសអញ្ជើញចុះត្រួតពិនិត្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៤ ជូនដល់យោធិន អតីតយុទ្ធជន និងគ្រួសារ នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២នេះ។

ជាមួយគ្នានឹងភាពជោគជ័យលើការប្រគល់ប័ណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បានស្ទើរនឹងគ្រប់ចំនួននេះដែរ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានឱ្យដឹងថា សម្រាប់ប័ណ្ណដែលនៅសេសសល់ ក្រុមការងារបច្ចេកទេសកំពុងតែខិតខំបំពេញឱ្យបានរួចរាល់ដើម្បីប្រគល់ប្រជាពលរដ្ឋ សម្រាប់យកទៅប្រើប្រាស់តាមស្ថានភាពជាក់ស្តែងជាដើម។ តែក្នុងនោះ ក៏មានអ្នកចាក់មួយចំនួន ដែលលេខទូរស័ព្ទមិនអាចទាក់ទងបាន ឬក៏ដាក់រូបមកខុស ឬអ្នកខ្លះខុសថ្ងៃកំណើត ជាដើម។ល។ ដូច្នេះពួកគេអាចទៅទាក់ទងជាមួយអាជ្ញាធរនៅមូលដ្ឋានដែលគេបានចាក់វ៉ាក់សាំងនោះ។

ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ ទទួលបន្ទុកចាក់វ៉ាក់សាំងនៅក្នុងរាជធានី-ខេត្តចំនួន៩រួមមាន៖ រាជធានីភ្នំពេញ ខេត្តព្រះសីហនុ កោះកុង កំពង់ស្ពឺ តាកែវ ស្វាយរៀង កំពង់ចាម សៀមរាប និងបន្ទាយមានជ័យ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «អីឡូវកងទ័ពចាក់ ២,៧៥០,០០០នាក់ ហើយទិន្នន័យដែលយើងបានចែក បានធ្វើ ហើយយើងបានប្រគល់ឱ្យនោះវារហូតទៅដល់ ២.៧សែននាក់ជាងទៅហើយ អញ្ចឹងវានៅចំនួនតូច ហើយចំនួនតូចនេះខ្ញុំគិតថា វានៅ១០០០នាក់ ហើយម្នាក់ដើរស្រែកក៏ថានៅចំនួនច្រើនដែរ ប៉ុន្តែការនេះយើងត្រូវតែខិតខំធ្វើឱ្យស្រេចជូនពួកគាត់»។

ការផលិតបណ្ណចាក់វ៉ាក់សាំងរបស់ក្រសួងការពារ មានដំណាក់កាលជាបន្តបន្ទាប់ដូចតទៅនេះ៖ ការថតរូប និងឯកសាររបស់អ្នកចាក់នៅកន្លែងចាក់វ៉ាក់សាំង, បញ្ជូនទិន្នន័យអ្នកចាក់ចូលទៅកាន់កន្លែងផ្ទុកទិន្នន័យ, វាយបញ្ចូលទិន្នន័យរបស់អ្នកចាក់ទៅក្នុងប្រព័ន្ធ, ការពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យ, ការផលិតចេញជាបណ្ណ, ការផ្ទៀងផ្ទាត់ទិន្នន័យលើបណ្ណ និងការបញ្ជូនទៅចែកចាយ។ ដោយសារមានដំណាក់កាលច្រើនដំណាក់នេះហើយ ទើបនាំឱ្យការផលិតបណ្ណចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ មិនអាចសម្រេចបានភ្លាមៗ។

ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានលើកឡើងថា សម្រាប់ប្រជាពលរដ្ឋដែលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលមានប័ណ្ណរបស់កងទ័ព អាចមកចាក់វ៉ាក់នៅនៅតាមទីកន្លែងដែលរៀបចំដោយក្រសួងសុខាភិបាលបាន ខណៈអ្នកមានប័ណ្ណដែលចេញដោយក្រសួងសុខាភិបាល ក៏អាចមកចាក់វ៉ាក់សាំងនៅទីតាំងដែលរៀបចំឡើងដោយកងទ័ពក៏បាន ប៉ុន្តែ ត្រូវបានលិខិតបញ្ជាក់ត្រឹមត្រូវ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការបញ្ចូលទិន្នន័យ៕