(ភ្នំពេញ)៖ ភាពយន្តឯកសារខ្នាតខ្លី ស្តីពី «កម្រងបណ្ណសារសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង» ត្រូវបានដាក់បញ្ចាំងជាផ្លូវការនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា។ ភាពយន្តឯកសារនេះ ត្រូវបានផលិតឡើងក្រោមគម្រោង «ការអភិរក្ស និងបញ្ចូលបណ្ណសារសារមន្ទីរទួលស្លែងទៅក្នុងប្រព័ន្ធកុំព្យូទ័រ»

ពិធីចាក់បញ្ចាំងខ្សែភាពយន្តេកសារនេះ ត្រូវបានប្រារព្ធឡើងក្រោមភាពជាដៃគូដ៏រឹងមាំរវាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) ជាមួយអង្គការអប់រំវិទ្យាសាស្ត្រនិងវប្បធម៌នៃអង្គការសហប្រជាជាតិ (យូណេស្កូ-UNESCO) ក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៃប្រទេសកម្ពុជា និងមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា។

ពិធីសម្ពោធភាពយន្តឯកសារខ្នាតខ្លីនេះមានការចូលរួមពីភ្ញៀវកិត្តិយសជាច្រើនរូប រួមមាន៖ លោកបណ្ឌិត ផាក ហ៉ឹងខ្យង់ (Park Heung-kyeong) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា, លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោក នោ ហ្យន់ជូន (Rho HyunJun) ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា) ប្រចាំនៅកម្ពុជា, លោក សាដា អ៊ូម៉ា អាឡាម (Sardar Umar Alam) នាយកការិយាល័យនៅភ្នំពេញ និងជាតំណាងអង្គការយូណេស្កូប្រចាំកម្ពុជា លោក ជា សុភាព នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា និងអ្នកចូលរួមជាតិ និងអន្តរជាតិដទៃទៀត។

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) និងអង្គការអប់រំវិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ(យូណេស្កូ) បានឯកភាពគ្នាធ្វើការលើគម្រោង «ការអភិរក្សនិងបញ្ចូលបណ្ណសារសារមន្ទីរទួលស្លែងទៅក្នុងប្រព័ន្ធកុំព្យូទ័រ» ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២០ ក្នុងគ្របខ័ណ្ឌហិរញ្ញប្បទានឥតសំណងចំនួន ១,១៥០,០០០លានដុល្លារអាមេរិក។ ភាពយន្តឯកសារខ្នាតខ្លី ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈជាលើកដំបូងនៅថ្ងៃទី១៧ ខែមករា បានបង្ហាញពីការខិតខំប្រឹងប្រែងអស់រយៈពេល ៥ឆ្នាំកន្លងមកនេះ។

ក្រោមក្របខណ្ឌនៃគម្រោង «ការអភិរក្សនិងបញ្ចូលបណ្ណសារសារមន្ទីរទួលស្លែងទៅក្នុងប្រព័ន្ធកុំព្យូទ័រ» ដោយមានការគាំទ្រពីកយកា-KOICA បណ្ណសាររបស់សារមន្ទីប្រល័យពូជសាសន៍ទួលស្លែងជាង ៧០០,០០០ទំព័រ ត្រូវបានរក្សាទុក ហើយបណ្ណសារជិតកន្លះលានសន្លឹក ត្រូវបានធ្វើបញ្ចូលទៅក្នុងប្រព័ន្ធកុំព្យូទ័រ។ មរតកឯកសារនេះ គឺជាគណនីលម្អិតបំផុតនៃប្រព័ន្ធពន្ធនាគារនៃរបបខ្មែរក្រហម។

គោលបំណងនៃគម្រោងនេះគឺផ្តោតលើ៖ ១) ដើម្បីអភិរក្សនិងបញ្ចូលបណ្ណសារនៃសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែងទៅក្នុងប្រព័ន្ឋកុំព្យូទ័រ ដែលត្រូវបានចារលើការចងចាំអន្តរជាតិនៃការចុះឈ្មោះពិភពលោកក្នុងឆ្នាំ២០០៩, ២) ដើម្បីគាំទ្រដល់សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ដើម្បីអភិវឌ្ឍទៅជាកន្លែងកសាងការអប់រំ និងសន្តិភាព ដែលយុវជន អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងសាធារណជនទូទៅ អាចទទួលបានព័ត៌មាន អំពីប្រវត្តិសាស្រ្តរបស់ពួកគេ និងបន្តកិច្ចពិភាក្សាអំពីសន្តិភាពនិងអហិង្សា និង ៣) ដើម្បីកសាងសមត្ថភាព បុគ្គលិកនៅសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីគ្រប់គ្រងបណ្ណសារ។

បណ្ណសារមានឯកសាររឿងរ៉ាវរាប់ពាន់ស្តីអំពីអ្វីដែលបានកើតឡើងនៅពន្ធនាគារស-២១ ក្នុងរបបខ្មែរក្រហម។ រឿងរ៉ាវមួយចំនួនត្រូវបានមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណាយកមថតជាភាពយន្តឯកសារខ្នាតខ្លីចំនួនប្រាំ ដែលអង្គការយូណេស្កូ-UNESCO យកមកបង្ហាញក្នុងពិធីសម្ពោធភាពយន្តឯកសារខ្នាតខ្លីដោយបានដាក់បញ្ចាំងជាផ្លូវការនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២នេះ។

ភាពយន្តឯកសារខ្នាតខ្លី៖ «កម្រងបណ្ណសារសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង» នឹងលើកកម្ពស់ការយល់ដឹងដល់ប្រជាជនកម្ពុជា ជាពិសេសយុវជនជំនាន់ក្រោយ ឲ្យបានដឹងពីព្រឹត្តិការណ៍ដែលបានកើតឡើងក្នុងរបបខ្មែរក្រហម ហើយនឹងជួយពួកគេឲ្យយល់កាន់តែច្បាស់អំពីអតីតកាលរបស់ពួកគេ ដើម្បីលើកកម្ពស់ការផ្សះផ្សា និងការអប់រំសន្តិភាព៕