(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន បានទទួលជួបជាមួយជាមួយលោក លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន ដែលបានដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន មកបំពេញទស្សនកិច្ចនៅកម្ពុជា ពីថ្ងៃទី១៥ ដល់ទី១៩ ខែមករា ឆ្នាំ២០២២។

ក្រសួងអប់រំបានបញ្ជាក់ថា នៅក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាទៅលើភាពជាប្រធានអាស៊ានរបស់កម្ពុជា ផ្នែកសហគមន៍សង្គម-វប្បធម៌ ដែលរួមមានអាទិភាព និងឯកសារលទ្ធផលក្រោមសហគមន៍សង្គម-វប្បធម៌ ដែលត្រូវយកទៅអនុម័ត នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅក្នុងឆ្នាំ២០២២។

ភាគីទាំងពីរក៏បានប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលនានា រវាងលេខាធិការដ្ឋានអាស៊ាន និងវិស័យទាំងអស់នៅក្រោមសហគមន៍សង្គម-វប្បធម៌ ដើម្បីធានាថា ភាពជាប្រធានអាស៊ានរបស់កម្ពុជា សម្រាប់ឆ្នាំ២០២២ នឹងសម្រេចបានជោគជ័យ និងលទ្ធផលល្អប្រសើរ៕