(ភ្នំពេញ)៖ លោក លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន បានបង្ហាញការគាំទ្រកម្ពុជាយ៉ាងពេញទំហឹង ក្នុងការរៀបចំកិច្ចប្រជុំអាស៊ាន នៅឆ្នាំ២០២២នេះ។ ការគាំទ្ររបស់អគ្គលេខាធិការអស៊ាន ធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ នៅទីស្តីការក្រសួងការបរទេស។

Facebook ផ្លូវការរបស់ប្រមុខការទូតកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖ [ក្នុងជំនួបនោះ] យើងបានពិភាក្សាលើបញ្ហាមួយចំនួន ខណៈដែលកំពុងត្រៀមរៀបចំកិច្ចប្រជុំអាស៊ានធំៗ នាពេលខាងមុខនេះ។ ក្នុងនាមជាប្រធានអាស៊ាន ខ្ញុំបានជម្រាបលោក [អគ្គលេខាធិការអាស៊ាន] អំពីអាទិភាព និងលទ្ធផលគ្រោងទុកសំខាន់ៗរបស់អាស៊ាន ហើយខ្ញុំក៏រីករាយ ដែលបានទទួលការគាំទ្រយ៉ាងពេញទំហឹងពីលោក»។

ភាគីទាំងពីរក៏បន្តមានសុទិដ្ឋិនិយម លើអនាគតរបស់អាស៊ាន ទោះបីជាកំពុងប្រឈមនឹងបញ្ហាមួយចំនួនក្តី ពីព្រោះដឹងច្បាស់ថាស្មារតីសាមគ្គីភាព និងការរួបរួមគ្នារបស់អាស៊ាន នឹងយកឈ្នះរាប់គ្រប់ឧបសគ្គ។

សូមជម្រាបថា លោក លឹម ចុក ហ៊ុយ បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ទី១៩ ខែមករា ឆ្នាំ២០២២ ដែលទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ ប្រមុខការទូតកម្ពុជា។

ក្រសួងការបរទេសបញ្ជាក់ថា ទស្សនកិច្ចរបស់ លោក លឹម ចុក ហ៊ុយ មកព្រះរាជាណាចក្រកកម្ពុជា ក្នុងនាមជាប្រធានអាស៊ាននាពេលបច្ចុប្បន្ន នឹងស្វែងរកមធ្យោបាយនានាដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលរវាងលេខាធិការដ្ឋានអាស៊ាន និងក្រសួងពាក់ព័ន្ធនានារបស់កម្ពុជា ដែលស្ថិតនៅក្រោមសសរស្តម្ភទាំងបីរបស់សហគមន៍អាស៊ាន រួមមាន សហគមន៍នយោបាយ-សន្តិសុខ សេដ្ឋកិច្ច និងសង្គម-វប្បធម៌ ដើម្បីធានាសម្រេចបាននូវសមិទ្ធផលល្អប្រសើរសម្រាប់គ្រួសារអាស៊ានដែលកាន់តែរឹងមាំ និងស្អិតរមួតខ្លាំងឡើង៕