(ភ្នំពេញ)៖ ខុសពីការគ្រោងទុកនៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦នេះ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ដែលកំពុងមានរឿងអាស្រូវស្នេហា មិនបានទៅសួរសុខទុក្ខសកម្មជនរបស់ខ្លួន នៅក្នុងពន្ធនាគារនោះឡើយ។

មន្រ្តីគណបក្សសង្រ្គោះជាតិ បានឱ្យដឹងថា មូលហេតុដែលលោក កឹម សុខា មិនបានទៅសួរសុខទុក្ខសកម្មជននេះ ដោយសារតែមិនទាន់មានការ អនុញ្ញាតពីក្រសួងមហាផ្ទៃ ដោយសារតែពាក្យស្នើសុំកន្លងមកនោះ អនុញ្ញាតឱ្យសួរសុខទុក្ខតែមួយក្រុមប៉ុណ្ណោះ សម្រាប់ថ្ងៃអង្គារនេះ។

មន្រ្តីដដែលនោះ គណបក្សសង្រ្គោះជាតិ បានដាក់ពាក្យ ស្នើម្តងទៀត ដើម្បីឱ្យលោក កឹម សុខា អាចសួរសុខទុក្ខសកម្មជនរបស់ខ្លួន នៅថ្ងៃសុក្រ។

សូមបញ្ជាក់ថា នៅព្រឹកមិញនេះមានក្រុមតំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិមួយចំនួន ដែលដឹកនាំដោយ លោក ហូរ វ៉ាន់ លោក សុន ឆ័យ លោក អេង ឆៃអ៊ាង ក៏បានចុះសួរសុខទុក្ខសកម្មជន គណបក្សសង្រ្គោះជាតិរួចហើយផងដែរ។

មន្រ្តី និងសកម្មជនគណបក្សសង្រ្គោះជាតិ១៦នាក់ ពេលនេះកំពុងជាប់ឃុំនៅក្នុងពន្ធនាគារព្រៃស ក្នុងនោះមាន លោក អ៊ុ សំអាន , លោក ហុង សុខហួរ , លោក មាជ សុវណ្ណារ៉ា រួមទាំងសកម្មជនមួយចំនួនទៀត៕